ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ តែងតែផឹកស្រាជាប្រចាំ ពេលស្រវឹងបានដើរតាមភ្លឺមាត់ត្រពំាងក្បែរភូមិ ស្រាប់តែរអិលជើងធ្លាក់ចូលទឹក គ្មានអ្នកណាឃើញ បណ្តាលឲ្យស្លាប់តែម្នាក់ឯងយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៤ និង១០នាទីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះឈ្មោះប៉ូយ យ៉ែម ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិកើតហេតុ ។
ប្រភពព័ត៌មានពីសាក្សីក្នុងភូមិកើតហេតុ បានឆ្លើយប្រាប់សមត្ថកិច្ចថា មុនកើតហេតុ គេបានឃើញជនរងគ្រោះ ផឹកស្រាក្នុងភូមិជាមួយគូកន២-៣នាក់ ។ លុះដល់ស្រវឹង គេឃើញគាត់ដើរតាមមាត់ត្រពងចម្ងាយពីភូមិប្រហែល៥០ម៉ែត្រ រួចបាត់គាត់ឈឹង ។ ដល់ម៉ោងកើតហតុ គេសង្ស័យដើរតាមរកក៏ប្រទះឃើញជនរងគ្រោះ ធ្លាក់ទឹកត្រពាំងហើយក៏ស្រង់ឡើងលើគោក តែជនរងគ្រោះ បានស្លាប់បាត់ហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើកោសល្យវិច័យសព បញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយលង់ទឹកពិតមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ សេនាស័ក្តិ