ភ្នំពេញ៖ យុវជនម្នាក់ ដាច់ជើងត្រឹមភ្លៅទាំងពីរដោយសាររូបគាត់ស្រវឹងស្រាទៅដេកលើផ្លូវរថភ្លើងកិនដាច់ បង្ក ការភ្ញាក់ផ្អើល នៅវេលាម៉ោង២ និង ៥០នាទី រំលងអធ្រាត្រចូល ថ្ងៃសៅរ៍ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ នៅ ខាងកើតផ្លូវហានណូយប្រហែល១០០ម៉ែត្រ ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។
ជនរងគ្រោះ មានឈ្មោះ ផា រំ ចង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបររោងចក្រ ស្នាក់នៅបន្ទប់ជួល ជិត កន្លែងកើតហេតុ មានស្រុកកំណើត ភូមិត្នោត ឃុំត្នោត ស្រុកស្វាយរៀង ខេត្តស្វាយរៀង (នៅលាវ) ។
តាមសម្ដីបងថ្លៃស្រី បានឲ្យដឹងថា ប្អូនថ្លៃរបស់គាត់ មកពីជប់លៀងនៅកន្លែងធ្វើការ ដើម្បីឈប់សំរាកទៅស្រុក ចូលរួម បុណ្យភ្ជុំបិណ្ឌ ជាប្រពៃណីរបស់ខ្មែរ ។ ស្រាប់តែស្រវឹងស្រា ក៏ទៅដេកគងជើងលើផ្លូវរថភ្លើងដោយគ្មាន អ្នកណាចាប់អារម្មណ៍នោះទេ ។
ប្រភពដដែលបន្តថា លុះនៅវេលាម៉ោងកើតហេតុ មានរថភ្លើងដឹកសាំងមួយខ្សែ បើកមកពីខេត្ត កិនដាច់ជើងប្អូនថ្លៃរបស់គាត់ ត្រឹមភ្លៅទាំងពីរ និង ដាច់ម្រាមដៃខាងស្ដាំ អស់មួយម្រាមទៀត គួរឲ្យរន្ធត់និងសង្វែកណាស់ ទើប បង្កការភ្ញាក់ផ្អើល ភ្លាមៗប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះមន្ទីរពេទ្យព្រះកុសុមៈ មកដឹកយកជនរងគ្រោះ យកទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ៕ តុង សីហា