ខេត្តកំពង់ធំ៖ វេលាម៉ោង១៤និង៤០នាទី ថ្ងៃអង្គារ ១៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកម៉ូតូឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់បុរសម្នាក់យ៉ាងអាណោចអាធ័មនៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តម៉ាកហាយឡេនឌឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P.1891 បើកបរដោយឈ្មោះ ហួន ម៉ាទីនី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីសាកសួរ ។ រីឯម៉ូតូម៉ាក ហុងដា MSX ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1J.7572 បើកបរដោយឈ្មោះ រី ធារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានស្លាប់នៅកន្លែងកើតហេតុ ។ ជនរងគ្រោះបើកបរម៉ូតូដោយមិនពាក់មួកសុវត្ថិភាពនោះឡើយ ។
សមត្ថកិច្ចអះអាងថា មូលហេតុជាបឋមនៃគ្រោះថ្នាក់ខាងលើ បង្កឡើងដោយ អ្នកបើកបរម៉ូតូបើកឆ្លងកាត់ផ្លូវខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តបើកមានល្បឿនលឿន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងប្រមូលវត្ថុតាង ជាមួយនឹងមនុស្សនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីសួរនាំ ៕ ប៊ុនរិទ្ធី