ព័ត៌មានទាន់ហេតុការណ៍៖

បម្រុងសែលហ្វីរអិលជើងធ្លាក់បោកក្បាលនឹងថ្មចូលទឹងជ្រោះលង់ស្លាប់ នៅឃុំថ្មដា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក អនុសេនីយ៍ឯក ពេជ្រ សោភ័ណ្ឌ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មដាបានឲ្យដឹងនាព្រឹកថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ថា មានប្រជាពលរដ្ឋទៅទេសចរណ៍នៅទឹកធ្លាក់ធម្មជាតិម្នាក់ បានរអិលជើងធ្លាក់ចូលជ្រោះ ដែលមានជម្រៅរហូតដល់ទៅប្រមាណ១០ម៉ែត្រ បានបោកក្បាលជាមួយថ្មរួចធ្លាក់ចូលទឹក ហើយគេបាននាំគ្នាចុះរាវរកជិត១ម៉ោង ទម្រាំប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័ម នៅគ្រាដែលជនរងគ្រោះស្រវឹងស្រាស្រាប់ផង ហើយបម្រុងទៅថតរូបសែលហ្វី ក៏ចៃដន្យរអិលជើង។

លោកអនុសេនីយ៍ឯក នាយប៉ុស្ដិ៍នគរបាលបន្តថា ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២ និង៣៥នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកធ្លាក់ធម្មជាតិថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តទៀតថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ កយ ស្រស់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចបានធ្វើកំណត់ហេតុប្រគល់សាកសពត្រឹមត្រូវជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន


ចែករំលែក៖