ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២០និង៤៩នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានហិង្សាដោយចេតនាមានអាវុធ មានស្ថានទម្ងន់ កើតឡើងនៅភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឲ្យជនរងគ្រោះ២នាក់ រងរបួសធ្ងន់ ។
ជនរងគ្រោះ ១ ឈ្មោះ សួន ស៊ាន់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសកំភួនដៃស្តាំ១កន្លែងដេកនៅមន្ទីរពេទ្យបង្អែកត្រពាំងស្វាយ ២-ឈ្មោះឡោ ឡា ភេទប្រុស អាយុ៤៩ឆ្នាំ ភូមិទ្រៀល ឃុំទ្រៀល (ប្រធានប្រជាការពារភូមិទ្រៀល) របួសពោះលើផ្សិត ១កន្លែង (ធ្ងន់) បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។
ជនសង្ស័យ សមត្ថកិច្ចកំពុងស្រាវជ្រាវ ។
ប្រភពព័ត៌មានបានរាយការណ៍ថា មុនកើតហេតុ ជនរងគ្រោះឈ្មោះ សួន ស៊ាន់ បានទៅមើលគេរាំធុងបាស់ក្នុងភូមិទ្រៀល លុះដល់ម៉ោងកើតហេតុ ត្រូវជនមិនស្គាល់មុខ បានកាប់នៅខាងលិច វង់រាំ ប្រហែល៣០ម៉ែត្រ កន្លែងងងឹត ហើយប្រតាយប្រតប់គ្នា បណ្តាលឲ្យរបួស ។ រីឯប្រធានប្រជាការពារភូមិ បានទៅការពារកម្មវិធីរាំធុងបាស់ក្នុងភូមិ ពេលនោះក្មេងៗបានវៃគ្នា ក៏ចូលទៅចាប់បំបែក តែត្រូវជនសង្ស័យចាក់ត្រូវពោះបណ្តាលឲ្យរបួសធ្ងន់។
មូលហេតុ ទំនាស់ក្មេងទំនើង (ស្រវឹងស្រា) ។ តាមការពិនិត្យស្នាមមុខរបួស ជនសង្ស័យអាចប្រើដែកឆាប និងកាំបិតធ្វើសកម្មភាព ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តទាទោសតាមច្បាប់ ៕ ប៊ុនរិទ្ធី