ភ្នំពេញ : បុរសម្នាក់ជាប្ដីស្ត្រីរងគ្រោះ បានរត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវឲ្យជួយអន្តរាគមន៍ ករណីដែលគាត់បានលើកឡើងថា មន្ទីរពហុព្យាបាល ណារិទ្ធ គ្រូពេទ្យនៅក្នុងពេទ្យឯកជននេះ បានធ្វើឲ្យប្រពន្ធរបស់គាត់ស្លាប់ ។
បុរសជាប្តីស្ត្រីរងគ្រោះនិយាយថា គ្រូពេទ្យនៅពហុព្យាបាលណារិទ្ធ នេះ មិនបានមើលថែប្រពន្ធរបស់គាត់ដែលជាអ្នកជំងឹនោះឡើយ បណ្ដោយឲ្យធ្លាក់ពីលើគ្រែផ្កាប់មុខ ហើយមានហូរឈាមចេញពីមាត់ រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម។
ជនរងគ្រោះមានឈ្មោះ គៀត យ៉ាន់ អាយុ ៤៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ចំណែកបុរសជាប្ដីមានឈ្មោះ លី ផាត់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ។
ពាក់ព័ន្ធករណីមួយនេះ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃ១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមន្ទីរពហុព្យាបាល ណារិទ្ធ ផ្ទះលេខ២១ CD តាមផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មកដល់ពេលនេះ គឺនៅមិនទាន់ដឹងថា តើអាជ្ញាធរត្រូវចាត់ការបែបណាជាមួយអ្នកទទួលខុសត្រូវមន្ទីរពេទ្យខាងលើនេះនៅឡើយទេ ៕