ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ លោក សាយ សម្ជស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ជនសង្ស័យដែលលួចសម្ងំពួនកាប់ជនរងគ្រោះនៅក្រោមផ្ទះឲ្យរបួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅ ភូមិចុងកោះធំ ឃុំ កោះធំ( ក )ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី១២ ខែ ១០ ឆ្នាំ២០១៨ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទមានឈ្មោះឈនឈី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិចុងកោះធំ ឃុំកោះធំក(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកត់ ។
ជនរងគ្រោះឈ្មោះ កុយ ថេប ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិចុងកោះធំ ឃុំកោះធំក(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរទិញអេតចាយ ។
នគរបាលបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុជនរងគ្រោះនៅលើផ្ទះហើយបានឭសំឡេងឆ្កែព្រុះក៏ចុះពីលើផ្ទះមកចុចពិលរកមើល ស្រាប់តែប្រទះឃើញជនសង្ស័យពួនសម្ងំនៅក្រោមគ្រែ(ក្រោមផ្ទះ)ពេលនោះជនរងគ្រោះដើរសំដៅទៅមើលមុខជនសង្ស័យ តែត្រូវបានជនសង្ស័យយកវត្ថុរឹងគប់មកលើជនរងគ្រោះតែពេលនោះជនរងគ្រោះគេចផុត ហើយជនសង្ស័យបានរត់ចេញពីក្រោមគ្រែពេលនោះជនរងគ្រោះក៏បានយកពូថៅរបស់ខ្លួនដេញតាមទាន់ហើយបានវាយប្រតាយប្រតបគ្នា ជនរងគ្រោះក៏បានដួល ហើយជនសង្ស័យដណ្ដើមពូថៅបាន ក៏វាយក្បាលបណ្ដាលឲ្យបែកក្បាល ដេរចំនួន១៧ ថ្នេរ ។
ក្រោយមក ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍ តាមរយះទូរសព្ទ័ ក្រោយពីបានទទូលព័ត៌មានពីជនរងគ្រោះភ្លាម សមត្ថកិច្ចប៉ុស្ដិ៍បានទៅដល់កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋាននគបាលស្រុកកោះធំ ដើម្បីចាត់ការតាមនិតិវិធី៕ ឆ ដា