ភ្នំពេញ៖ មិនដឹងថារបាំងថ្មពុះចែកទ្រូវផ្លូវសហព័ន្ធរុស្សីុក្បែរក្ដាន់២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាប់ព្រំប្រទល់ជាមួយសង្កាត់មនោរម្យ ខណ្ឌ៧មករា ដាក់ខុសបច្ចេកទេស ឬក៏យ៉ាងណា ខណៈដែលរថយន្តជាច្រើនដែលបានបើកឆ្លងកាត់ទីនោះ តែងតែបើកបុកជាញឹកញាប់ធ្វើឲ្យទ្រូងផ្លូវបាក់បែកសឹករិចរិលអស់ទៅហើយ ។
ជាក់ស្ដែងនៅវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ មានរថយន្តកាមរីបាឡែនមួយគ្រឿង បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅទីនោះយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់១កង់ ឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។
ករណីខាងលើនេះ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AR-6402 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តខាងលើក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យបាក់របាំងថ្មអស់១កង់ រីឯរថយន្តបង្ករងការខូចខាតផ្នែងខាងមុខយ៉ាងដំណំផងដែរ តែមិនធ្វើឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្តបង្កខាងលើនេះទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ