ភ្នំពេញ៖ តារាសម្តែង ភិន សុដាលីស រួមទាំងកូនស្រី និងម្ចាស់ផលិតកម្មមហាហង្សលោក អ៊ិន សុភិន នៅថ្មីៗនេះ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌបាននាំគ្រួសារទៅដើរកម្សាន្តទៅដល់សហរដ្ឋអាមេរិក ព្រោះតែហេតុផល២គឺទៅចូលរួមកម្មវិធីរាត្រីសមោសរ និងធ្វើខួបកំណើតឲ្យចៅស្រីបណ្តូលចិត្តនៅទីនោះ ។
ភិន សុដាលីស និងឪពុកបានបង្ហាញរូបថតជាច្រើនសន្លឹកបង្ហាញពីសុភមង្គលគ្រួសារ ដោយលោកបាននាំភរិយាកូនប្រុសស្រី និងចៅស្រីបណ្តូលចិត្តជិះយន្តហោះបោះពួយទៅសហរដ្ឋអាមេរិកក្នុងបំណងដើរកម្សាន្តជុំគ្រួសារ និងចូលរួមកម្មវិធីជប់លៀងធំមួយនៅអាមេរិក ហើយក្នុងនោះលោកក៏ឆ្លៀតឱកាសរៀបចំកម្មវិធីជប់លៀងថ្ងៃខួបកំណើតចៅស្រី ភិន សុខេតធើរីណា (Katerina) នៅភោជនីយដ្ឋានLegend Seafood Restaurant នៅទីក្រុងឡុងប៊ិចផងដែរ ។
បើតាមលោក អ៊ិន សុភិន បានប្រាប់ឲ្យដឹងថា នៅក្នុងឱកាសបុណ្យភ្ជុំនេះ លោកបាននាំគ្រួសារមកដើរកម្សាន្តនៅអាមេរិក ព្រោះតែចង់ដើរលេងសប្បាយជុំគ្នា ហើយម្យ៉ាងទៀត កូនស្រីច្បងរបស់លោក គឺដាលីស ត្រូវបានតារាសម្តែងជើងចាស់ លោក យស បូវណ្ណៈ ដែលជាតារាល្បីទសវត្សរ៍ឆ្នាំ៩០ អញ្ជើញមកចូលរួមកម្មវិធីជប់លៀងធំរាត្រីសមោសរ ជួបជុំបងប្អូនខ្មែរនៅទីនេះផង និងកាន់តែពិសេសនោះ គឺរៀបចំពិធីជប់លៀងខួបកំណើតឲ្យចៅស្រីបណ្តូលចិត្តនៅទីនេះដូចគ្នា ។
លោក អ៊ិន សុភិន បន្ថែមថា ឆ្នាំមុនលោក និងគ្រួសាររៀបចំខួបកំណើតឲ្យចៅស្រីនៅផ្ទះ តែគម្រប់ខួប២ឆ្នាំនេះ គឺរៀបចំនៅលើទឹកដីអាមេរិកម្តង ហើយក្នុងនាមលោកជាជីតា គ្មានអ្វីផ្តល់ឲ្យចៅស្រីក្រៅពីក្តីសុខភាពកក់ក្តៅខួបកំណើតឆ្នាំនេះ លោកនាំចៅ និងគ្រួសារមកដើរលេងនៅអាមេរិក ហើយបន្តទៅកាណាដាហើយក្នុងនោះ លោកក៏មានកញ្ចប់មូលនិធិសម្រាប់ចៅស្រីក្នុងការជួយទៅដល់ក្មេងៗកំព្រា ក្មេងៗជួបការខ្វះខាតដើម្បីជួយដល់សង្គមក្មេងៗដែលខ្វះភាពកក់ក្តៅផងដែរ ៕ វឌ្ឍនា