ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២៣:០០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងជំនាញនគរបាលខេត្ត និងអធិការដ្ឋានស្រុកព្រៃនប់ បានសហការគ្នា បើកការស៊ើបអង្កេត ស្រាវជ្រាវ ចាប់ខ្លួនមុខសញ្ញាគ្រឿងញៀនមួយករណីឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ចាន់ រដ្ឋា ហៅប៊ី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុង ព្រះសីហនុ មុខរបរមិនពិតប្រាកដ ។
ក្នុងនោះផងដែរ សមត្ថកិច្ចចាប់យកបានវត្ថុតាង ដូចខាងក្រោម ៖ កាំភ្លើងខ្លី ម៉ាក K៥៩ មួយដើម មានគ្រាប់៦គ្រាប់, កាំភ្លើងបាញ់សត្វ១ដើម, កាំភ្លើងកែឆ្នៃ២ដើម, វិទ្យុទាក់ទងម៉ាកម៉ូតូរូឡា១គ្រឿង,ម្សៅក្រាមពណ៌សថ្លា សង្ស័យសាធាតុញៀន១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន១ ម៉ូតូមួយគ្រឿង និងស្បោងសម្រាប់វេចខ្ចប់ គ្រឿងញៀនមួយចំនួនទៀត ។
លោកវរសេនីយ៍ទោ ភុល ភស្តា អធិការនគរបាលក្រុង ព្រះសីហនុ បានបញ្ជាក់បន្ថែមថា ៖ ការបង្ក្រាបមុខសញ្ញាគ្រឿងញៀនមានកាន់អាវុធខុសច្បាប់បានដោយជោគជ័យ នេះ ធ្វើឡើងក្រោមការបញ្ជា ដឹកនាំផ្ទាល់ របស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដេញស្ទាក់ ចាប់បាននៅតាមផ្លូវជាតិលេខ៤នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ពេលនោះ មុខសញ្ញាបានបោះកាំភ្លើងចោល ។
លោកអធិការបានបញ្ជាក់ថា ក្រោយពេលចាប់ខ្លួន យកមកសាកសួរ ទើបព្រឹកថ្ងៃទី១២ ខែតុលា បាននាំខ្លួនជនសង្ស័យទៅឆែកឆេរក្នុងបន្ទប់ជួល និងនាំទៅរកអាវុធដែលបោះចោលនៅកន្លែងចាប់ខ្លួន នៅភូមិអូរតាសេក ។ ឈ្មោះ ចាន់ រដ្ឋា ជាមុខសញ្ញាចាស់ ធ្លាប់ប្រើហិង្សាជាច្រើនលើក កន្លងមកបានយកអាវុធកែច្នៃបាញ់ត្រូវ ក្រោមចុងដង្ហើមប្រពន្ធរបស់ខ្លួន កាលពីថ្ងែទី១១ ខែកុម្ភៈ មួយលើក រួចមកហើយ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ