ខេត្តកំពង់ធំ ៖ ក្នុងថ្ងៃឆ្លងបុណ្យភ្ជុំបិណ មានសេចក្តីរាយការណ៍ថា ករណីក្មេងទំនើងបង្កជម្លោះ ដែលត្រូវបានគេស្គាល់ថាជាកូន លោក ពេជ ថាល់ ជាអធិការនគរបាលស្រុកសន្ទុក និង បក្ខពួកជាង ៤០នាក់ បានប្រើហឹង្សាមកលើកងរាជអាវុធហត្ថក្រុងស្ទឹងសែន ប្រជាការពារភូមិ និង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្រយ៉ូវ ដែលកំពុងការពារសន្តិសុខក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាលពីវេលាម៉ោង ២២និង២០នាទី ថ្ងៃទី០៩ តុលា ឆ្នាំ២០១៨ នៅចំណុចវត្តក្តីអណ្តែត ឬ វត្តក្តីក្នុង ស្ថិតភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ដោយមានការស្នើសុំពីចៅអធិការវត្តក្តីអណ្តែត ហៅវត្តក្តីក្នុង ភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឲ្យកម្លាំងកងរាជអាវុធហត្ថជួយការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ពេលនោះ នៅវេលាម៉ោង ១៨និង៣០ កម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងសែនចំនួន៣នាក់ រថយន្ត២គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ុំ គួង មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងស្ទឹងសែន ចេញកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់នៅវត្តក្តីអណ្តែត ឬ វត្តក្តីក្នុង ។
លុះដល់ម៉ោង ២២.២០ នាទីថ្ងៃដដែល ក៏មានក្មេងទំនើង២ក្រុម បានបង្កជម្លោះវាយតប់គ្នា ភ្លាមនោះ មានប្រជាការពារមករាយការណ៍ប្រាប់កម្លាំងអាវុធហត្ថថា មានក្មេងទំនើងកំពុងបង្កជម្លោះវាយតប់គ្នា ឮដូចនេះកម្លាំងកងរាជអាវុធហត្ថយើង បានរត់សំដៅកន្លែងកើតហេតុ ក៏ឃើញក្រុមប្រជាការពារភូមិកំពុងឃាត់ក្មេងទំនើង២នាក់ ដែលកំពុងរារាំងប្រជាការពារមិនឲ្យឃាត់ពួកវា ពេលនោះ កម្លាំងអាវុធហត្ថក៏ទៅដល់ ស្រាប់តែក្មេងទំនើងម្នាក់រត់ទាំងដៃកាន់ខ្សែក្រវាត់ ចំណែកកម្លាំងអាវុធហត្ថយើងក៏ដេញតាម តែដេញមិនទាន់ ក៏ត្រឡប់មកវិញ រីឯក្មេងទំនើងម្នាក់ទៀតត្រូវប្រជាការពារចាប់ដាក់ខ្នោះបាន ហើយប្រគល់មកឲ្យកម្លាំងកងរាជអាវុធហត្ថ រំពេចនោះ ដោយបក្ខពួករបស់ក្មេងទំនើងមានគ្នាច្រើន ពួកវាក៏បានរុញច្រានកម្លាំងកងរាជអាវុធហត្ថ និង កម្លាំងប្រជាការពារ រំដោះយកក្មេងទំនើងម្នាក់ ដែលប្រជាការពារឃាត់បានរួច រត់គេចខ្លួនទៅទាំងខ្នោះបាត់ទៅ ។
មួយសន្ទុះក្រោយមក ស្រាប់តែ លេចមុខឈ្មោះ ពេជ ថាល់ អធិការនគរបាលស្រុកសន្ទុក និង បក្ខពួកប្រហែល ៤០ ទៅ៥០នាក់ នាំទាំងកូនរបស់ខ្លួន ដែលកំពុងជាប់ខ្នោះ បានមករករឿង និងប្រើហឹង្សាមកលើកម្លាំងកងរាជអាវុធហត្ថយើង និង កម្លាំងប្រជាការពារ ដោយប្រើពាក្យប្រមាថមើលងាយថា «អាប៉េអឹមចុយម្រាយណាដាក់ខ្នោះកូនអញ » ។
ពេលនោះ លោកអនុសេនីយ៍ឯក ខា សុគន្ធ បានឆ្លើយតបវិញថា ខ្ញុំមិនបានដាក់ខ្នោះកូនបងឯងទេ គឺគ្រាន់តែការពារនៅពេលដែលប្រជាការពារដាក់ខ្នោះយកមកឲ្យពួកខ្ញុំ ពេលនោះឈ្មោះ ពេជ ថាល់ ក៏បានត្រលប់មករករឿងកម្លាំងអាវុធហត្ថវិញ ដោយកាន់ទាំងខ្នោះដៃ ដែលបានដាក់កូនរបស់គាត់មកជាមួយផង ហើយក៏បានស្ទុះមកវាយលោក ខា សុគន្ធ ១ខ្នោះ តែត្រូវបាននារី២នាក់ឈ្មោះ ហេង ស្រីល័ក្ខ និង ឈ្មោះម៉ាក ហែន រស់នៅដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានស្ទុះទៅពាំងដើម្បីជួយឃាត់ ពេលនោះលោក ខា សុគន្ធ បានលើកដៃអង្វរដល់ឈ្មោះ ពេជ ថាល់ សុំឲ្យស្តាប់ហេតុផលសិន ដោយលោក ខា សុគន្ធនិយាយបន្តទៀតថា ខ្ញុំសុំស្បថចំពោះមុខព្រះអង្គដែលមានបារមីនៅក្នុងវត្តនេះ សូមឲ្យកាច់កខ្ញុំបាក់ចុះ បើខ្ញុំបានដាក់ខ្នោះកូនបងឯងមែន តែឈ្មោះពេជ ថាល់ បាននិយាយថា ពួកអាប៉េអឹមចុយម្រាយអ្ហែង ដឹងប៉ះពាល់កិត្តិយសកូនអញទេ ក្បាលអ្ហែងហ្នឹងខ្នោះឥលូវហើយ ។ រួចហើយក៏ងាកទៅរកប៉ូលីសប៉ុស្តិ៍ និងប្រជាការពារទៀត តែពួកគេគេចអស់ ពេលនោះដែរឈ្មោះ ពេជ ថាល់ បានញុះញង់បក្ខពួករបស់ខ្លួនឲ្យប្រើហឹង្សាមកលើលោក ខា សុគន្ធ ដោយពួកគេហ៊ុំព័ទ្ធលោក ខា សុគន្ធ ជាប់ វាយមកលើលោក ខា សុគន្ធ ចំនួន២ដៃ បណ្តាលឲ្យជ្រុះមួកពីក្បាលទាំងឯកសណ្ឋាន ។
ដោយឡែកកម្លាំងអាវុធហត្ថ២នាក់ទៀតគឺលោកអនុសេនីយ៍ឯក ស៊ុំ គួង និងលោកអនុសេនីយ៍ទោ ដិប ឌីម ដោយឋិតក្នុងស្ថានភាពបែបនេះ ពួកគាត់មិនអាចប្រឈមមុខដោះស្រាយបានទេ ព្រោះក្នុងខណៈនោះ ពួកគេមានគ្នាច្រើន ហើយគេមិនស្តាប់ការបកស្រាយអ្វីឡើយ ។ លុះដល់ម៉ោង ២២.៤៥នាទី ថ្ងៃខែដដែល ឈ្មោះពេជ ថាល់ និង បក្ខពួករបស់គេបាននាំគ្នាទៅរករឿង និងប្រើហឹង្សាទៅលើកម្លាំងប្រជាការពារវិញម្តង ។ ចំណែកកម្លាំងកងរាជអាវុធហត្ថ ក៏បាននាំគ្នាត្រឡប់ទៅអង្គភាពវិញ ។
ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ លោក ពេជ ថាល់ អធិការនគរបាលស្រុកសន្ទុក ដែលត្រូវគេចោទថា បានញុះញង់បក្ខពួករបស់ខ្លួនជាង ៤០នាក់ ឲ្យប្រើហឹង្សាវាយរំដោះយកកូនប្រុសខ្លួន ជាជនសង្ស័យទាំងដៃជាប់ខ្នោះ ពីកងរាជអាវុធហត្ថក្រុងស្ទឹងសែននោះ បាននិយាយតាមទូរស័ព្ទប្រាប់អ្នកសារព័ត៌មានយើងថា «ខ្ញុំបានទៅសួរនាំពីរឿងដាក់ខ្នោះដៃកូនខ្ញុំនៅកន្លែងកើតហេតុនោះមែន ខ្ញុំចង់ដឹងថា តើកូនខ្ញុំវាខុសអី បើវាខុសឲ្យគេធ្វើតាមច្បាប់ទៅ ខ្ញុំមិនកាន់ជើងកូនទេ តែរឿងនេះ កូនខ្ញុំវាអត់ធ្វើអីខុសផង ពេលគេឈ្លោះវាយតប់គ្នា កូនខ្ញុំវានៅឈរក្បែរម៉ូតូ ពួកប៉េអឹមដេញចាប់អ្នកបង្កជម្លោះមិនបាន បកមកវិញចាប់កូនខ្ញុំឈរមើលគេអត់ដឹងអីដាក់ខ្នោះចោទថា បក្ខពួកវា រឿងនេះ ប៉ះពាល់កិត្តិយសកូនខ្ញុំ ខ្ញុំសួររកមុខអ្នកដាក់ខ្នោះកូនខ្ញុំ ប៉េអឹមមានតែ៣នាក់ឆ្លើយថាមិនដឹង» ។ សំនួរបន្តថា ក្នុងខណៈនោះ តើលោកអធិការ បានប្រើហឹង្សាវាយទៅលើមន្ត្រីប៉េអឹម រំដោះយកកូនរបស់ខ្លួនទាំងដៃជាប់ខ្នោះ មែនដែរ ឬទេ ? លោកឆ្លើយថា «កូនខ្ញុំត្រូវបានគេដោះខ្នោះចេញយកខ្នោះមកឲ្យខ្ញុំ ខ្ញុំមិនបានប្រើហឹង្សាវាយអ្នកណាទេ ខ្ញុំគ្រាន់តែសួរនាំ និង ស្តីបន្ទោសខ្លះប៉ុណ្ណោះ» ។
លោក សិទ្ធ សំណាង ស្នងការរងនគរបាលទទួលបន្ទុកព្រហ្មទណ្ឌ ខេត្តកំពង់ធំ បានតបតាមទូរស័ព្ទឲ្យដឹងថា ខ្ញុំបានដឹងរឿងនេះហើយ ព្រោះអីក្រោយពេលកើតហេតុ ព្រឹកឡើងមានប្រជាការពារភូមិ៣នាក់ មករាយការណ៍ប្រាប់ខ្ញុំថា រឿងនេះបើមិនរកយុត្តិធម៌ជូនពួកគាត់ទេនោះ ពួកគាត់និងឈប់ធ្វើប្រជាការពារទៀតហើយ ។ ឥឡូវនេះខ្ញុំបានបញ្ជូនកម្លាំងចុះស្រាវជ្រាវហើយ មិនទាន់ដឹងខុសត្រូវស៊ីជម្រៅនៅឡើយទេ ៕ ប៊ុនរិទ្ធី