ភ្នំពេញ៖ ប៉ូលិសខេត្តហ្គ័ងចូវ របស់ប្រទេសចិន ប្រមាណជាង ១០០នាក់ បានធ្វើដំណើរតាមយន្តហោះពិសេសមកទទួលយកជនជាតិចិនចំនួន ៩១នាក់ ពីប៉ូលិសអន្តោប្រវេសន៍កម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នេះ ។ ជនជាតិចិនទាំង៩១នាក់នេះ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិយាយថា នៅម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែតុលា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រគល់ជនជាតិចិនចំនួន ៩១នាក់ ក្នុងនោះមានស្រីចំនួន២១នាក់ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ទៅឲ្យប៉ូលិសខេត្តហ្គ័ងចូវ របស់ចិន ដើម្បីយកពួកគេទៅអនុវត្តច្បាប់នៅប្រទេសចិន។ ប៉ូលិសខេត្តហ្គ័ងចូវ របស់ចិន ដែលមកមានចំនួន១៨២នាក់។ ជនសង្ស័យត្រូវបានបញ្ជូនទៅចិនវិញ គឺតាមជើងយន្តហោះពិសេសប្រភេទ A330 (ជើងយន្តហោះលេខ CZ3001/CZ3002)។
លោកបានបន្តថា ជនសង្ស័យជាជនជាតិចិនទាំង៩១នាក់ ខាងលើនេះ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយក្រុមហ៊ុនឋានសួគ៌សុខា ធ្វើការឃាត់ខ្លួននៅចំណុចអគារលេខ៣ ស្ថិតនៅឃុំបឹងទូក ស្រុកទឹកឈូរ ខេត្តកំពត (រមណីយដ្ឋានឧទ្យានជាតិបូកគោ) ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបញ្ជាក់ថា បច្ចុប្បន្ននេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនទទួល និងបណ្តេញជនសង្ស័យជាជនជាតិចិន ដែលពាក់ព័ន្ធករណីគំរាមជម្រិត ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ដោយយកទឹកដី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ធ្វើសកម្មភាពសម្រាប់ប្រព្រឹត្តបទល្មើសទៅលើប្រជាជននៅប្រទេសចិនរាប់លាននាក់ និងជនសង្ស័យជាជនជាតិចិន ដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសចិនបានរត់គេចខ្លួនពីការតាមចាប់របស់នគរបាលប្រទេសចិន បានលួចចូលមកសម្ងំលាក់ខ្លួន រួចបន្តសកម្មភាពនៅលើទឹកដីនៃព្រះរាជាណាចក្រកកម្ពុជាទៀត៕ តាឡឹម