ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ និងកែលំអរប្រព័ន្ធលូ កុំឲ្យស្ទះពេលភ្លៀងខ្លាំងម្តងៗ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌចំការមន បានបញ្ជូនកម្លាំងជំនាញចុះផ្លាស់ប្ដូរប្រព័ន្ធលូចាស់ ដាក់ប្រព័ន្ធលូថ្មី មានទំហ៊ំធំនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ចាប់ពីចំណុចស្តុបពេទ្យចិនទៅដល់វិទ្យាល័យបឹងត្របែក ដើម្បីបញ្ជៀសការលិចផ្លូវដោយទឹកភ្លៀង ជាលទ្ធផលសម្រេចបានប្រមាណជា៨០ភាគរយហើយ ។
ជាការកត់សម្គាល់ ពេលភ្លៀងខ្លាំងម្តងៗ មហាវិថីព្រះមុនីវង្សនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ទៅដល់មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច តែងតែលិចដោយទឹកភ្លៀងធ្វើឲ្យរំខានដល់ការធ្វើចរាចរទៅមករបស់ប្រជាពលរដ្ឋ ។ ដើម្បីកែសម្រួលឲ្យបានប្រសើរថែមទៀត រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយ រដ្ឋបាលខណ្ឌចំការមនបានជំរុញការស្ថាបនាប្រព័ន្ធលូថ្មី ដោយមានមុខកាត់ធំជាងប្រព័ន្ធលូចាស់ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស និងរៀបចំការ៉ូឡាផងដែរដើម្បីសោភ័ណភាពទីក្រុង ។
ដូចដែលបងប្អូនប្រជាពលរដ្ឋបានជ្រាបហើយថានៅរដូវភ្លៀងចូលមកដល់មហាវិថី និងវិថីមួយចំនួនតែងតែលិចពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ ដូច្នេះហើយបានជារដ្ឋបាលរាជធានីភ្នំពេញជំរុញឲ្យតាមបណ្តាខណ្ឌត្រូវយកចិត្តទុកដាក់ ពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈ សំរាម និងប្រព័ន្ធលូបង្ហូទឹក ។
ស្របពេលដែលការដ្ឋានកំដំណើរការ ស្ថាបនា រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារដ្ឋបាលខណ្ឌ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅដ្ឋានជាប់ដងផ្លូវជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូនៅចំពីមុខផ្ទះរបស់បងប្អូនសូមបងប្អូនមេត្តាជួយយោគយល់នៅការកក់ស្ទះ និងជួយរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងពិនិត្យមើលគំរបលូនៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំង និងសូមជួយសំអាតដើម្បីកុំឲ្យមានសំរាមហូរចូលដល់មាត់លូនោះអាចបង្កឲ្យមានការកកស្ទះ៕ សណ្តោស