ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាជោកបើករថយន្តបុករថយន្តចតស្ងៀម រួចបើករត់ ត្រូវសមត្ថកិច្ចឃាត់បាន រកវាយសមត្ថកិច្ច និងអ្នកព័ត៌មានទៀត

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាជោកបើករថយន្ត មួយគ្រឿង ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម្ចាស់ចតចោលហើយបើករថយន្តរត់គេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់រថយន្តបាន ក៏ត្រូវជនបង្ករកវាយសមត្ថកិច្ច និងលោតមកវាយអ្នកសារព័ត៌មាន ទៀត។

ហេតុការណ៍នេះ កើតឡើងកាលពីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសម្តីម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាក HILUX-REVO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-6748 មកឈប់នៅចំណុចកើតហេតុ ខណ:នោះក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស LX-460L ពណ៌ទឹកប្រាក់គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បើកមកពីក្រោយស្របទិសដៅគ្នាបម្រុងបត់ត្រឡប់ ក្រោយដោយបួងចង្កូតមិនផុតជ្រុលទៅបុកចំកាងខាងក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យកំពិតតិចតួច បន្ទាប់មករថយន្តបង្កមិនឈប់ដោះស្រាយគ្នានោះទេ បែរជាបើករត់មកដល់ចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង (យីហោ អ៊ីប៉ូល ) ដែលមានទីតាំងនៅផ្លូវបេតុលេខ៩៩ ខាងត្បូងសួនកម្សាន្តចំការព្រីង ប្រមាណជា៥០ម៉ែត្រ ត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់បានមកវិញស្រាប់តែម្ចាស់រថយន្តបង្កចេញពីរថយន្តមកបាន ស្រែកឡូឡាឆោឡោលផ្អើលអស់អ្នកជិតខាង និងលោតមកវាយសមត្ថកិច្ច និងអ្នកសារព័ត៌មាន ដែលចុះទៅផ្តិតយករូបភាពបណ្តាលរត់ចែកជើងគ្នាតែមិនបង្កឲ្យមានរបួសស្នាមទេ ។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ដាក់ក្នុងរថយន្ត និងបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំ និងដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖