កម្ពុជាគ្មានបំណងតបតបង្កការលំបាកដល់ក្រុមហ៊ុនអ៊ឺរ៉ុបទេ ទោះបីមានការគម្រាមដក EBA ក៏ដោយ
នៅថ្ងៃទី ១៨ តុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ាទីន ហេយ តំណាងក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍។ លោកបានជំរាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន – សហភាពអឺរ៉ុប មានគម្រោងដឹកនាំក្រុមហ៊ុនមួយចំនួនទៅបំពេញទស្សនកិច្ចនៅកម្ពុជានាឆ្នាំ២០១៩ ដើម្បីណែនាំក្រុមហ៊ុននៅអឺរ៉ុបមួយចំនួនធំថែមទៀតទៅវិនិយោគក្នុងប្រទេសកម្ពុជា។ ព្រោះក្រុមធុរកិច្ចអ៊ឺរ៉ុបមានជំនឿនិងទុកចិត្តកម្ពុជា ហើយមានបំណងមកវិនិយោគនៅកម្ពុជារយៈពេលវែង។ លោកបានបញ្ជាក់លើ២ចំណុចសំខាន់ៗនៅកម្ពុជាគឺៈ
១)ដឹកនាំគណៈប្រតិភូធុរកិច្ចអ៊ឺរ៉ុបទៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគរយៈពេលវែង
២)ជួយគាំពារលើផ្នែកសុវត្ថិភាពចរចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយប្រើបច្ចេកវិទ្យា ABS ដែលជាបច្ចេកវិទ្យាដ៏ល្អរបស់ក្រុមហ៊ុន BOSHC សម្រាប់យានយន្តគ្រប់ប្រភេទ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានស្វាគមន៍នូវកិច្ចសហប្រតិបត្តិការល្អរវាងក្រុមប្រឹក្សាធុរកិច្ចអ៊ឺរ៉ុបនិងកម្ពុជាមកទល់ពេលនេះ។ សម្តេចតេជោរីករាយស្វាគមន៍ចំពោះគម្រោងទៅទស្សនៈកិច្ចនៅកម្ពុជា រួមទាំងគម្រោងជួយទប់ស្កាត់គ្រោះថ្នាក់ចរណ៍ផងដែរ។ សម្តេចតេជោ បានស្នើអោយពិភាក្សាលំអិតបន្ថែមជាមួយក្រសួងសាធារណៈការរបស់កម្ពុជាលើផ្នែកសុវត្ថិភាពនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបទៅចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) ក្នុងឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថាការពិភាក្សារវាងអាស៊ាន និងសហភាពអឺរ៉ុប ជាមួយកម្ពុជា គឺមិន មែនត្រឹមតែការពិភាក្សាលើបញ្ហានយោបាយនោះទេ គឺយើងពិភាក្សាគ្នាផងដែរទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្តេចតេជោ បានជម្រាបផងដែរថាកន្លងមកមានប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប បានធ្វើការគំរាមដល់កម្ពុជា និងសហភាពមីយ៉ាន់ម៉ារ ក្នុងការដកចេញនូវ “ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (Everything But Arms- EBA) ដោយសំអាងលើហេតុផលមួយចំនួន។ សម្តេចតេជោ បានបញ្ជាក់ថាកន្លងមក EU ក៏បានជួយដល់កម្ពុជាយ៉ាងច្រើន ព្រោះចង់ឃើញកម្ពុជារីកចម្រើន។ ប៉ុន្តែប្រសិនជា EU សំរេចដកចេញ EBA គឺហាក់បីដូចជា EU បោះ បង់ចោលនូវអ្វីៗដែលខ្លួនបានខិតខំធ្វើកន្លងមកនៅកម្ពុជា។ ដូច្នេះសូមអោយ សហភាពអ៊ឺរ៉ុបមិនសម្រេចអ្វី គឺត្រូវពិនិត្យគ្រប់ជ្រុងជ្រោយ ហើយស្តាប់ចំពោះមតិយោបល់ក្រុមអ្នកធុរកិច្ចនៅអ៊ឺរ៉ុបផងដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចមិនចង់ឃើញប្រទេសប្រជាធិបតេយ្យមួយចំនួនដែលបានប្រព្រឹត្តនូវកំហុស២លើករួចមកហើយ បន្តប្រព្រឹត្តិកំហុសជាលើកទី៣មកលើកម្ពុជាទៀតឡើយ។ កំហុសលើកទី១ គឺកាលពីអតីតកាលក្នុងទសវត្សឆ្នាំ ៧០ ដែលមានប្រទេសប្រជាធិបតេយ្យមួយចំនួននៅអ៊ឺរ៉ុបបានគាំទ្ររដ្ឋប្រហារយោធារនៅក្នុងប្រទេសកម្ពុជា ដែលបាននាំមកនូវសង្រ្គាមវិនាសកម្ម និងការបំផ្លិចបំផ្លាញដល់កម្ពុជា។ កំហុសទី២ គឺប្រទេសប្រជាធិបតេយ្យមួយចំនួននោះបានគាំទ្ររបបខ្មែរ ក្រហមជាង១ទសវត្ស រួមទាំងការពារកៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ (UN) ដែលរបបនេះបានសម្លាប់មនុស្សអស់ជាង៣លាននាក់។ ប្រទេសប្រជាធិបតេយ្យទាំងនោះ គឺពួកគេមិនមានអ្វីសោកស្តាយចំពោះការបាត់បង់របស់កម្ពុជានាពេលកន្លងមកឡើយ។ ហើយប្រសិនបើមានកំហុសទី៣ មែន ក៏ពួកគេនៅតែគ្មានមនោសញ្ចតនាសោកស្តាយជាមួយកម្ពុជាដែរ។ ដូច្នេះសូមកុំអោយមានកំហុសទី៣កើតឡើងចំពោះកម្ពុជាជាបន្តទៀត ព្រោះមិនមែនប្រទេសទាំងនោះជាអ្នកដែលត្រូវទទួលរងនូវភាពខ្លាចផ្សាទាំងនោះទេ គឺពលរដ្ឋកម្ពុជា ជាអ្នកដែលត្រូវទទួលរងនូវការឈឺចាប់ និងវិនាសហិនហោច។
ឥឡូវនេះយើងបានដឹងហើយអំពីសភាពការណ៍ពិតរបស់កម្ពុជា សហភាពអ៊ឺរ៉ុបខ្លួនឯង គឺត្រូវស្តាប់តាមមតិរបស់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុបខ្លួនឯងផ្ទាល់ តើពួកគេពេញចិត្តវិនិយោគនៅកម្ពុជាដែរទេ។ គឺមិនត្រូវដាក់ការកៀបសង្កត់ណាមួយដែលដែលប្រាស់ចាកការពិតប្រឆាំងនឹងបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជា និងអ្នកវិនិយោគគិនគិនអ៊ឺរ៉ុបឡើយ ព្រោះល័ក្ខខ័ណ្ឌការងារ ប្រាក់ខែ និងផលប្រយោជន៍បុគ្គលិកកម្មករ ជាពិសេសកម្មការនីក៏កាន់តែប្រសើរឡើង។
លោកអនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានសហភាពអឺរ៉ុប ដែលមានក្រុមហ៊ុនអឺរ៉ុបប្រមាណ៤០០ក្រុម ហ៊ុន បានចាត់ទុកថា ប្រសិនជាមានការដកចេញនូវពន្ធអនុគ្រោះ EBA ពីកម្ពុជាមែននោះ វានិងធ្វើឲ្យ បះពាល់ដល់បណ្តាក្រុមហ៊ុនធុរកិច្ចមកពី EU។ តាមរយះរបាយការណ៍នេះ តំណាងធុរកិច្ច EU-Asean និងជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងក្រុមប្រឹក្សាអឺរ៉ុបលើបញ្ហានេះ ព្រោះវានឹងធ្វើអោយប៉ះពាល់ខាតបង់នូវផលប្រយោជន៍ក្រុមហ៊ុនអ៊ឺរ៉ុបជាច្រើនដែលកំពុងវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ទោះបីច្បាប់វិនិយោគ និងពាណិជ្ចកម្មនៅកម្ពុជាមានការកែលម្អមួយចំនួនក្តី គឺមិនអោយប៉ះពាល់ដល់ការបណ្តាក់ទុនរបស់ក្រមហ៊ុនទាំងឡាយនៅកម្ពុជាទេ គឺមានតែធ្វើអោយប្រសើឡើងចំពោះការវិនិយោគរយៈពេលវែងនៅទីនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូននៅមុខពាណិជ្ជករ វិនិយោគគិន និងមន្រ្តីសំខាន់ៗមកពី ក្រុមប្រឹក្សាធុរកិច្ចអាស៊ានសហភាពអ៊ឺរ៉ុបថា ទោះបីសហភាពអ៊ឺរ៉ុបមានបំណងដាក់ទណ្ឌកម្មដក EBA ពីកម្ពុជាយ៉ាងណាក្តី ក៏កម្ពុជាមិនសងសិកទៅលើក្រុមហ៊ុនមកពីសហគមអ៊ឺរ៉ុប ឬមកពីបណ្តាប្រទេសដទៃអោយមានការពិបាកឬទទួលការខាតបង់ដោយសារការសម្រេចចិត្តមិនត្រឹមត្រូវរបស់សហភាពអ៊ឺរ៉ុបដែរ គឺសម្តេចតេជោ សុំធានាមិនអោយកើតមានឡើយ ប៉ុន្តែធានាការពារនូវផលប្រយោជន៍ ហើយសម្តេចតេជោសូមអញ្ជើញក្រុមហ៊ុនអ៊ឺរ៉ុបទៅវិនិយោគអោយកាន់តែច្រើនឡើងថែមទៀតនៅប្រទេសកម្ពុជា៕
*សូមបញ្ជាក់ថា ក្នុងករណីដែលសហភាពអ៊ឺរ៉ុបសម្រេចជាផ្លូវការដក EBA ពីកម្ពុជា គឺទីផ្សារអ៊ឺរ៉ុបនៅតែបើកចំហរសម្រាប់កម្ពុជាដដែល។ ប៉ុន្តែគ្រាន់តែមានបន្ថែមតម្លៃពន្ឋដារមួយចំនួនប៉ុណ្ណោះ។ កម្ពុជាត្រូវតែខិតខំកសាងអភិវឌ្ឍន៍ខ្លួនអោយរួចចផុតពីភាពក្រីក្រដើម្បីមានកម្លាំងសេដ្ឋកិច្ចរឹងមាំ នៅពេលនោះហើយ EBA ក៏នឹងត្រូវដកចេញជាស្វ័យប្រវត្តិ។ ការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) គឺសម្រាប់ប្រទេសក្រីក្រក្នុងការនាំយកផលិតផលនិងទំនិញនានាមកកាន់ទីផ្សា EU ដោយមានការអនុគ្រោះពន្ឋ ហើយមិនអាចផ្តល់ជូនជារៀងរហូតនោះបានឡើយ៕