ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិស្បែកខ្មៅស្រវឹងស្រា វាយសន្តិសុខ និងនារីគិតលុយក្នុងហាងបារបារាំង មិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិស្បែកខ្មៅ ចូលទៅផឹកនៅហាងបាបារាំងមួយកន្លែង នៅផ្លូវ១០៤ ពេលស្រវឹងស្រា បែកគំនិតរករឿង និងវៃស្ត្រីអ្នកគិតលុយ និងសន្តិសុខបណ្តាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍វត្តភ្នំ ប៉ុន្តែសមត្ថកិច្ចមិនទទួលពាក្យបណ្តឹងនោះឡើយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង3រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១០៤ នៅចំណុចហាងបារបារាំង រ៉ូសស្បាណា ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ។

ជនរងគ្រោះទី១ មានឈ្មោះសុខ កម្សាន្ត ភេទប្រុស អាយុ២៨ឆ្នាំ ជាសន្តិសុខ ស្នាក់នៅម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ជនរងគ្រោះទី២ មានឈ្មោះ ម៉ែន សូនី ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរ អ្នកគិតលុយស្នាក់នៅហាងបារ រ៉ូសស្បាណា ផ្លូវ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ប្រភពថា ជនជាតិស្បែកខ្មៅនេះតែងតែមកផឹកស៊ី ហើយបានស្រែកឡូឡា និងរករឿងនារីក្នុងហាង ពេលនោះ សន្តិសុខចូលមកហាមឃាត់ តែជនស្បែកខ្មៅនេះ ចាប់នារីរងគ្រោះបោកទៅលើសាឡុងសន្លប់ ហើយសន្តិសុខចូលទៅឃាត់ ត្រូវជនបង្កវាយបែកចញ្ចើមខាងស្តាំ ​ឃើញដូច្នេះ អ្នកនៅក្នុងហាងនាំគ្នាចាប់ឃាត់បង្កយកទៅប៉ុស្តិ៍វត្តភ្នំដើម្បីដាក់ពាក្យបណ្តឹង ប៉ុន្តែលោកនាយរងប៉ុស្តិ៍វត្តភ្នំ ដែលទទួលផែនព្រហ្មមិនទទួលពាក្យបណ្តឹងនោះទេ មិនដឹងថា តើមកពីមូលហេតុអ្វី។

ក្រោយពីនគរបាលមិនទទួលពាក្យបណ្តឹង ជនរងគ្រោះ២នាក់នាំគ្នាជិះម៉ូតូទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានខណ្ឌដូនពេញវិញ ទើបខាងនោះគេទទួលពាក្យបណ្តឹង ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ដឹងថា ត្រូវដោះស្រាយបែបណានោះទេ រវាងជនបង្ក នឹងជនរងគ្រោះ ៕ ចាន់ធឿន


ចែករំលែក៖