ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ៤ខ្នងដួលរលំ និងប៉ើងដំបូលដោយភ្លៀង និងខ្យល់កន្ត្រាក់នៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៤ខ្នងដួលរលំ និងប៉ើងដំបូល សំណាងមនុស្សមិនមានរងគ្រោះថ្នាក់ ដោយសារមានភ្លៀង និងខ្យល់កន្ដ្រាក់បោកបក់ គួរឲ្យរន្ធត់កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមអាជ្ញាធរខេត្តស្វាយរៀងបានឲ្យដឹងថា ផ្ទះដែលដួលរលំ និងរបើកដំបូលមានម្ចាស់ឈ្មោះ គង់ កុសល ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទ៍ ដោយផ្ទះ មានទំហំ ៤ម៉ែត្រ គុណ និង៦ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សី ខណៈសម្ភារខូចខាត មានដូចជាអាគុយ ១២វ៉ុល ១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន, ទី២មានឈ្មោះ យ៉ាន ស្រីល័ក្ខ ភេទស្រី អាយុ ២១ឆ្នាំ នៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ផ្ទះមានទំហំ បណ្ដោយ៦ម៉ែត្រគុណ៤ម៉ែត្រសង់អំពីឈើ ប្រក់សង្ក័សី ចំណែកសម្ភារប្រើប្រាស់ខូចខាតមួយចំនួន, ទី៣មានម្ចាស់ឈ្មោះ ទេព ភារុំ ភេទប្រុស អាយុ ៥៦ឆ្នាំ នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទ៍ ផ្ទះមានទំហំ ៥ម៉ែត្រគុណ ៩ម៉ែត្រសង់អំពី ឈើប្រក់សង្ក័សី សម្ភារខូចខាតរួមមានអង្ករ ១ទៃ និងសម្ភារ ប្រើប្រាស់មួយចំនួន និងទី៤មានម្ចាស់ឈ្មោះ មុំ ថៃ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិរាមជោរ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ផ្ទះមានទំហំ៦ម៉ែត្រគុណ និង៥ម៉ែត្រ សង់អំពី ឈើ ប្រក់សង្ក័សី សម្ភារប្រើប្រាស់ខូចខាត មួយចំនួន ។

ប្រភពបន្តថា គ្រោះមហន្តរាយដួលរលំផ្ទះនេះ មិនបណ្ដាលឲ្យមានមនុស្ស និងសត្វរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ខណៈអាជ្ញាធរ ស្រុកបានអំពាវនាវដល់ពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដែលកើតមានឡើង ហើយជាពិសេសបញ្ហាខ្យល់កន្ត្រាក់ ទឹកជំនន់ សត្វអសិរពិស រន្ទះ ជាដើម ៕ យឹម សុថាន


ចែករំលែក៖