ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចហៅមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីស្រាវជ្រាវបន្តសែ្វងរកជនដៃដល់ ដែលរហូតមកដល់ រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចនៅមិនទាន់ឲ្យបុរសរូបនោះត្រឡប់ទៅវិញនៅឡើយនោះទេ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលនេះ សមត្ថកិច្ចកំពុងតែមមាញឹក ក្នុងការស្រាវជ្រាវ រកជនដៃដល់ពិតប្រាកដ ចំពោះបុរសដែលហៅមកសាកសួរនោះ នៅមិនទាន់ផ្តល់អត្តសញ្ញាណនៅឡើយនោះទេ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិឃុំកើតហេតុខាងលើ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយក្រុមគ្រួសារបានប្រទះឃើញសាកសព ក្មេងស្រី២នាក់នៅក្នុងហឹបដាក់ខោអាវ នៅក្នុងផ្ទះរបស់ខ្លួន។
ក្មេងស្រីទាំង២នាក់ ម្នាក់ឈ្មោះអន លក្ខិណា ភេទស្រី អាយុ១៤ឆ្នាំ និង ម្នាក់ទៀតឈ្មោះអន មេត្តា ភេទស្រី អាយុ៧ឆ្នាំ ។ ក្មេងស្រីទាំងពីរនាក់ជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិឃុំកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច នគរបាលក្រសួងមហាផ្ទៃ និង ជនបរទេសរបស់អង្គភាពCPUនគរបាលស្រុកខេត្ត អាវុធហត្ថស្រុកខេត្ត គ្រូពេទ្យខេត្ត អាជ្ញាធរ ឃុំ បានចូលរួមសហការគ្នា ធ្វើកោសល្យវិច័យលើសាកសពកុមារីរងគ្រោះទាំងពីរនាក់ និងក្រោយពីពិនិត្យធ្វើកោសល្យវិច័យទៅតាមបច្ចេកទេសរួចមកសមត្ថកិច្ចបានដាក់ការសង្ស័យថា ករណីនេះរឿងអំពើឃាតកម្មប៉ុនប៉ងរំលោភមិនបានសម្រេច ទើបសម្លាប់ចោលដើម្បីបំបិទភស្តុតាង ៕ ចន្ថា