ប្រជាពលរដ្ឋនៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ដាក់ការសង្ស័យថា លោក ទត លាស់ ជាមន្ត្រីយោធានៃការិយាល័យអភិវឌ្ឍន៍ កងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ ជាប់ពាក់ព័ន្ធនឹងរបររកស៊ីឈើខុសច្បាប់ ។ នៅក្រោយផ្ទះរបស់មន្ត្រីយោធារូបនេះមានគំនរឈើជាច្រើន ជាពិសេសឈើ ដែលច្បាប់ហាមឃាត់ក្នុងការកាប់និងដឹកជញ្ជូន ។ មិនតែប៉ុណ្ណោះ គេសង្ស័យថា ការដឹកជញ្ជូនឈើតូចៗ អាចមានលាក់បង្កប់ឈើប្រណីតទៀតផង ។
ប្រភពរាយការណ៍ថា គំនរឈើដែលជាប្រភេទឈើតូចៗ មានទំហំចាប់ពី១តឹកឡើងទៅ គរជាច្រើនគំនរនៅក្រោយផ្ទះមន្ត្រីយោធា ទត លាស់ ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ដែលសម្រាប់នាំទៅលក់ចែកចាយតាមដេប៉ូនានា ម្តុំខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាប្រភេទកូនឈើដែលច្បាប់ហាមដាច់ខាតមិនឲ្យមានការកាប់បំផ្លាញ ។ មិនតែប៉ុណ្ណោះ គេសង្ស័យថា ក្រៅពីការដឹកជញ្ជូនឈើតូចៗទាំងនោះ ក៏មានការលួចបន្លំដឹកឈើប្រណីតផងដែរ ។ ឈើតូចៗទាំងនោះត្រូវគេដឹកយកមកសម្រាប់លក់នៅតាមដេប៉ូនានា ជាយរាជធានីភ្នំពេញ ។
ប្រភពអះអាងថា ការដែលលោក ទត លាស់ អាចធ្វើសកម្មភាពរកស៊ីខុសច្បាប់បែបនេះទៅបាន ដោយមានការឃុបឃិតជាមួយលោក ឥន្ទ ចាន់ហេ នាយសង្កាត់រដ្ឋបាលព្រៃឈើព្រងិល ។ ពួកមន្ត្រីព្រៃឈើទាំងនេះមិនដែលខ្វល់ពីការរលំរលាយចំពោះធនធានធម្មជាតិព្រៃឈើនោះឡើយ ។ ជាក់ស្តែង គំនរឈើនៅក្រោយផ្ទះមន្ត្រីយោធា ទត លាស់ គឺជាភស្តុតាងបង្ហាញឲ្យឃើញថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ ទាំងតូច នៅខ្ចី កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ក្រោមក្រសែភ្នែកមន្ត្រីជំនាញនៅស្រុកភ្នំក្រវាញ់ ៕