បន្ទាប់ពីក្ឌុងក្ឌាំងមួយរយៈចាប់ក្រុមអ្នករកស៊ីដឹកឈើខុសច្បាប់ ឆ្លងកាត់ខេត្តកំពង់ធំរួចមក ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំស្ងាត់ស្ងៀមយ៉ាងល្អ ។ សកម្មភាពបែបនេះត្រូវគេអះអាងថា ជាវិធីវាយស្មៅបង្អើលពស់ ឬគៀងត្រីបញ្ចូលទ្រូ ។ ឥឡូវនេះមិនមែនខេត្តកំពង់ធំ គ្មានបទល្មើសឆ្លងកាត់នោះទេ ប៉ុន្តែ ប្រហែលជាមានការត្រូវរ៉ូវគ្នាជាមួយមន្ត្រីស្ថាប័នតុលាការរួចហើយ ទើបបានជាមិនឃើញមានសកម្មភាពចាប់បង្ក្រាបដូចមុនៗទៀតនោះ ។
សកម្មភាពដ៏ហ៊ឺកហ៊ាក់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ សូម្បីតែយាយ ម៉ាយ ឈ្មួញឈើដ៏ល្បីឈ្មោះនៅខេត្តឧត្តរមានជ័យ ក៏លោកព្រះរាជអាជ្ញាចាប់ដែរ ។ បន្ទាប់ពីចាប់ឈ្មួញល្បីឈ្មោះរួចហើយ គឺមិនមានសកម្មភាពអ្វីជាដុំកំភួនទៀតទេ ស្របពេលដែលគេរាយការណ៍ថា បទល្មើសដឹកជញ្ជូនឈើ, សកម្មភាពកាប់បំផ្លាញព្រៃឈើ, បទល្មើសនេសាទ និងចំណុចអសកម្មជាច្រើនទៀត មិនត្រូវបានលោកព្រះរាជអាជ្ញាធ្វើសកម្មភាពបង្ក្រាបដូចមុនទៀតឡើយ ។ ភាពស្ងៀមស្ងាត់នេះ នាំឲ្យគេសង្ស័យថា ស្ថាប័នតុលាការមួយនេះ ត្រូវរ៉ូវជាមួយពួកឈ្មួញរួចទៅហើយ ។
លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដំបូងឡើយធ្វើហាក់ដូចជាខ្លាំងដៃសម្បើមក្នុងការបង្ក្រាបបទល្មើស ប៉ុន្តែទីបំផុត បែរជាធូរលុងទៅវិញ ។ ទាំងនេះធ្វើឲ្យគេយល់បានថា វាជាវិធីរបស់តុលាការ ដើម្បីផលប្រយោជន៍ ។ លោកអ៊ិត សុធា អាចនឹងមានដំណោះស្រាយជាច្រើនចំពោះការលើកឡើងបែបនេះ ។ ប៉ុន្តែយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅខេត្តកំពង់ធំ នៅតែយល់ថា នោះជាវិធីនៃការវាយស្មៅបង្អើលពស់របស់ស្ថាប័នតុលាការមួយនេះតែប៉ុណ្ណោះ ។ ហេតុដូច្នេះហើយ បានជាមួយរយៈនេះ ហាក់ដូចជាស្ងាត់ស្ងៀមខ្លាំងចំពោះវិធានការបង្ក្រាបនានា ៕