ខេត្តកំពង់ស្ពឺៈ សាកសពម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញចងកលើរោងចាំចម្ការ១កន្លែង ដោយដៃទាំង២ជាប់ចំណង ហើយក្បែររោងនោះ មានបន្សល់ទុកម៉ូតូ១គ្រឿង ។ ហេតុការណ៍ភ្ញាក់ផ្អើលឃើញមនុស្សចងកនេះ ប្រជាពលរដ្ឋបានប្រទះឃើញតាំងពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច។
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នំា២០១៨ នគរបាលប៉ុស្តិ៍ និងនគរបាលអធិការដ្ឋាន បានចុះពិនិត្យសាសពដោយបញ្ជាក់ថា ជនរងគ្រោះ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ដោយសាកសព ត្រូវបានព្យួរ.កនឹងដែកលួស ហើយដៃទាំង២ចងភ្ជាប់ដោយអាវ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២០ ខែឆ្នាំដដែល ពួកគាត់ប្រទះឃើញម៉ូតូម៉ាកគុប១គ្រឿង បញ្ឈរចោល ។ ដោយមានការសង្ស័យ ពួកគាត់បានដើរទៅអើតមើលក្នុងរោងចាំចម្ការនៅក្បែរនោះ ក្រែងម្ចាស់ម៉ូតូ ចូលដេក ក៏ប្រទះឃើញសាកសពបុរសម្នាក់ ចងកលើរោងនោះទៅវិញ ។ ក្រោយប្រទះឃើញសាកសព ពួកគាត់ ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ។
នៅព្រឹកថ្ងៃទី២១ ខែតុលា នគរបាលប៉ុស្តិ៍ និងនគរបាលអធិការដ្ឋាន បានចុះដល់ទីតាំងកើតហេតុ តែដោយដៃជនរងគ្រោះ មានចំណងដែលមិនមែនរឿងអត្តឃាត អាចជាប់សង្ស័យរឿងឃាតកម្ម ទើបសមត្ថកិច្ច ទាក់ទងនគរបាលបច្ចេកទេសខេត្ត ឲ្យមកធ្វើកោសល្យវិច័យសព ទើបអាចបញ្ជាក់ច្បាស់ថា តើជាករណីអត្តឃាត ឬជាករណីឃាតកម្ម។
សមត្ថកិច្ច អះអាងថា ជនរងគ្រោះ មិនមែនមនុស្សរស់នៅភូមិស្រុកក្បែរៗនេះទេ ។ សមត្ថកិច្ច សូមអំពាវនាវដល់ប្រជាពលរដ្ឋ បើមានបាត់សមាជិកក្នុងគ្រួសារ ប្រញាប់ទាក់ទងសមត្ថកិច្ចមូលដ្ឋាន ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី និងសហការជាមួយសមត្ថកិច្ច ប្រាប់តម្រុយដើម្បីឲ្យសមត្ថកិច្ច ស្រាវជ្រាវវែកមុខជនសង្ស័យ នៅមកផ្តន្ទាទោសតាមច្បាប់ ៕ សេនាស័ក្តិ