ខេត្តកណ្ដាល៖ ស្រ្ដីវ័យ២៦ឆ្នាំម្នាក់បានបាត់បង់ជីវិតយ៉ាងអណោចអធ័ម បន្ទាប់ពីស្រ្ដីរួបនេះសម្រាលកូនទី៣នៅមន្ទីរពេទ្យមិត្ដភាពកម្ពុជា-គុយវែត ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល កាលពីថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ ។
ស្រ្ដីរងគ្រោះបាត់បង់ជីវិតបន្ទាប់ពីសម្រាលកូននោះឈ្មោះ ញ៉ី ស៊ីយាត អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិបាយសី សង្កាត់ស្ទឹងត្រង់ ខណ្ឌសាលាក្រៅ ខេត្ដប៉ៃលិន ។
បច្ចុប្បន្នស្នាក់នៅទីតាំងសិប្បកម្មឡឥដ្ឋសញ្ញាពន្លឺព្រះអាទិត្យ២ ស្ថិតក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
សាច់ញាតិស្រ្ដីរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ស្រ្ដីរងគ្រោះមានអក្ការៈឈឺពោះរៀបចំសម្រាលកូនទី៣ ទើបបុរសជាប្ដីដឹកតាមម៉ូតូយកទៅសម្រាករង់ចាំសម្រាលកូននៅមន្ទីរពេទ្យមិត្ដភាពកម្ពុជា-គុយវែត ដែលជាពេទ្យមានជំនួយក្រៅពីអង្កការក្រៅរាជរដ្ឋាភិបាល ។ ពេលទៅដល់ស្រ្ដីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យ២នាក់ជាអ្នកសម្រាលកូនឲ្យ ។ ក្រោយពីសម្រាលកូនបានប្រមាណកន្លះម៉ោង ស្រ្ដីរងគ្រោះមានអក្ការៈខុសប្លែកពីធម្មតា ពោលគឺបានធ្លាក់ឈាមតាមទ្វាមាសយ៉ាងច្រើន រហូតធ្វើឲ្យក្រុមគ្រូពេទ្យអស់លទ្ធភាពក៏សម្រេចបញ្ជូនស្រ្ដីរងគ្រោះបន្ដទៅកាន់មន្ទីរពេទ្យលោកសង្ឃ ក្នុងរាជធានីភ្នំពេញ ។
សាច់ញាតិបានបន្ដថា ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យប្រចាំនៅទីនោះបានព្យាយាមជួយសង្រ្គោះស្រ្ដីរងគ្រោះដែរ តែពុំអាចជួយបានទើបធ្វើឲ្យស្រ្ដីរងគ្រោះបាត់បង់ជីវិត ។ ក្រោយពីមានហេតុការណ៍កើតឡើង ប្ដីស្រ្ដីរងគ្រោះបានដឹកសពស្រ្ដីជាប្រពន្ធយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្ដពោធិ៍មង្គល ស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ។
អធិការនគរបាលស្រុកមុខកំពូលលោក ព្រុំ សំណាង បានឲ្យដឹងថា ក្រោយពីមានហេតុការណ៍កើតឡើង លោកបានបញ្ជាឲ្យមន្រ្ដីជំនាញចុះទៅធ្វើកំណត់ហេតុសាកសួរក្រុមគ្រូពេទ្យនិងសាច់ញាតិជនរងគ្រោះ ។ គ្រូពេទ្យ២នាក់ដែលទទួលសម្រាលកូនឲ្យស្រ្ដីរងគ្រោះនោះទី១-ឈ្មោះ ចាន់ ថុន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ជាពេទ្យឆ្មប មានទីលំនៅផ្ទះលេខ៥៥ ក្រុមទី៦ ភូមិកណ្ដាលទី១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ វណ្ណ វិរៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍កិល ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ។
លោក ព្រុំ សំណាង បានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលពុំទាន់ដឹងពីមូលហេតុដែលបណ្ដាលឲ្យស្រ្ដីរងគ្រោះបាត់បង់ជីវិតនោះទេ ពោលគឺរង់ចាំក្រុមគ្រូពេទ្យជំនាញថ្នាក់ខេត្ដ ចុះទៅពិនិត្យបន្ថែម ទើបដឹងមូលហេតុច្បាស់លាស់ ។ លោកអធិការបានបញ្ជាក់ថា មន្ទីរពេទ្យមិត្ដភាពកម្ពុជា-គុយវែត ជាមន្ទីរពេទ្យឯកជនតែមានជំនួយពីអង្កការក្រៅរដ្ឋាភិបាល ។ រហូតមកដល់ថ្ងៃទី២២ សមត្ថកិច្ចពុំទាន់ទទួលពាក្យបណ្ដឹងពីសាច់ញាតិស្រ្ដីរងគ្រោះនោះទេ ៕ ស្អាងជ័យ