ខេត្តកំពង់ចាម ៖ មនុស្ស៣នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿង បើកបរក្នុងស្ថានភាពស្រវឹងបានជ្រុលទៅបុកផ្ទាំងប៉ាណូផ្សាយព័ត៌មាន បណ្តាលស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០០ និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខសាលាខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី៧ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ។
តាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា ម៉ូតូដែលជួបគ្រោះថ្នាក់ចរាចរណ៍ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅបិទ ពណ៌ទឹកប្រាក់ ស្លាកលេខសៀមរាប1G.7727 បើកបរដោយឈ្មោះ ហូ រ៉ូនី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិរកាលើ សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្លាប់នៅនឹងកន្លែងកើតហេតុ ។
របាយការណ៍ឲ្យដឹងទៀតថា ក្នុងនោះមានអ្នករួមដំណើរ២នាក់ទៀត ១-ឈ្មោះ ស៊ឹម ភារិទ្ធ ភេទប្រុស អាយុ ៧ឆ្នាំ រស់នៅភូមិមៀន ឃុំមាន ស្រុកព្រៃឈ ខេត្តកំពង់ចាម រងបួសស្រាល និងម្នាក់ទៀតឈ្មោះ សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម អង្គុយពីក្រោយរងរបួសធ្ងន់ ។ អ្នកទាំង៣នាក់ជិះម៉ូតូពីទិសខាងកើតឆ្ពោះមកលិច ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកបង្គោលថ្ម ផ្សាយពត៌មានជាប់របងសាលាខេត្ត ។
របាយការណ៍បញ្ជាក់ថា ក្នុងហេតុការណ៍នោះបានបណ្តាលអោយស្លាប់មនុស្សម្នាក់ ភេទប្រុស ឈ្មោះ ហូ រ៉ូនី និងឈ្មោះ សីហា រងរបួសស្រាល និងឈ្មោះ ស៊ឹម ភារិទ្ធ របួសធ្ងន់ ចំណែកម៉ូតូខូចខាតកម្រិតធ្ងន់។ គ្រោះថ្នាក់នេះផ្តើមឡើងពីការបើកបរខ្វះការប្រុងប្រយ័ត្ន ប្រើប្រាស់ល្បឿនលឿន ក្នុងស្ថានភាពស្រវឹង។
ក្រោយពេលកើតហេតុ អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ចាម ចំណែកសពប្រគល់អោយក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូផ្នែកជំនាញបានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ៕ វណ្ណៈ