ភ្នំពេញ ៖ មានហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រផលិតចានស្នោមួយកន្លែងស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ផ្តើមមកពីទុស្សេខ្សែភ្លើង បង្កឲ្យភ្ញាក់ផ្អើល កម្មករ ពលរដ្ឋក្បែរខាង សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិជាច្រើនគ្រឿង ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលកម្មករចេញសម្រាកហូបបាយ ថ្ងៃត្រង់ ស្រាបតែខាងក្នុងបរិវេណរោងចក្រ ហុយផ្សែងខ្មួលខ្មាញ់ ឆាបឆេះរាលផ្ទៃខាងក្នុង បង្កឲ្យភ្ញាក់ផ្អើល ។
ហេតុការណ៍ខាងលើត្រូវបានខាងរោងចក្រ ក៏ដូចជាសមត្ថកិច្ច សន្និដ្ឋានថា ផ្តើមមកពីទុស្សេចរន្តភ្លើង ហើយត្រូវបាន រថយន្តពន្លត់អគ្គិភ័យ បញ្ជូនទៅពីតាមបណ្តាអង្គភាព សាលាខណ្ឌ ស្នងការ ក្រសួងមហាផ្ទៃ និងអវុធហត្ថរាជធានីភ្នំពេញ ទៅរួមគ្នាបាញ់ទឹកពន្លត់ ។
តែទោះជាមានការអន្តរាគមន៍ពីក្រុមរថយន្តពន្លត់អគ្គិភ័យយ៉ាងណាក្តី ឃើញថា ខាងក្នងរោងចក្រសុទ្ធតែស្នោ ទើបបង្កឲ្យភ្លើងឆាបឆេះលឿន ទទួលរងខូចខាតអស់មួយចំនួនធំ ។
ក្នុងករណីអគ្គិភ័យឆាបឆេះរោងចក្រខាងលើ គេឃើញរថយន្តពន្លត់អគ្គិភ័យបានចេញទៅជួយអន្តរាគមន៍ចំនួន១៤រថយន្ត ហើយបានប្រើប្រាស់អស់ទឹកចំនួន៦រថយន្តទើបរលត់ទាំងនៅវេលាម៉ោង១២និង៣០ថ្ងៃដរដែល៕ ភារ៉ា ដង្កោ