ភ្នំពេញៈ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ រួមជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយនិងស្ថានទូតអាល្លឺម៉ង់ មានកិត្តិយសក្នុងការឧបត្ថម្ភការរៀបចំបុណ្យតន្រ្តីអន្តរជាតិលើកទី ១៥ ក្រោមប្រធានបទ “តន្រ្តី និងចំណាកស្រុក” ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៨។
កម្មវិធីនៅឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា នៅសណ្ឋាគារ Raffles Hotel – Le Royal ដោយ ពិធីបើកការប្រគំតន្រ្តីនេះនឹងប្រារព្ធធ្វើនាថ្ងៃទី ១ វិច្ឆិកា វេលាម៉ោង ៧ យប់។ ពិធីបុណ្យនេះ ប្រព្រឹត្តទៅស្របគ្នានឹងការអបអរខួបកំណើតលើកទី ១០០ របស់អ្នកនិពន្ធ និងជាអ្នកដឹកនាំភ្លេងដ៏ល្បីរបស់អាមេរិក នៅសតវត្សទី ២០ គឺលោក Leonard Bernstein ។
លោកឯកអគ្គរដ្ឋទូត William Heidtមានប្រសាសន៍ថា ប្រធានបទនៃបុណ្យតន្រ្តីនេះ សក្តិសមណាស់ទៅនឹងប្រវត្តិរបស់លោក Bernstein និងការរួមចំណែករបស់គាត់ ចំពោះវប្បធម៌អាមេរិក ក្នុងនាមជាជនអន្តោប្រវេសន៍ម្នាក់។ លោក Bernstein, George Gershwin និងតន្រ្តីករដទៃទៀតដែលមានឈ្មោះនៅក្នុងពិធីបុណ្យនេះ បានចាកចេញពីប្រទេសរបស់គេ ដើម្បីកសាងជីវិតថ្មីមួយ និងស្វែងរកឱកាសថ្មីៗ។ជនអន្តោប្រវេសន៍ បានរួមចំណែកយ៉ាងច្រើនដល់ប្រពៃណីផ្នែកសិល្បៈរបស់ប្រទេសអាមេរិក ដោយទាញយកប្រយោជន៍ពីប្រពៃណីរបស់គេផ្ទាល់ និងសង្គមនៅប្រទេសអាមេរិក ដែលមានគំនិតច្នៃប្រឌិតថ្មី និងមានភាពរស់រវើក ដើម្បីបង្កើតស្នាដៃ ដែលល្បីបំផុត ផ្នែកតន្រ្តី នៅជុំវិញពិភពលោក។
លោកឯកអគ្គរដ្ឋទូត ថ្លែងថា ៖ «ការប្រគំតន្រ្តីនេះគឺជាឱកាសដ៏អស្ចារ្យមួយ ដើម្បីបង្ហាញការរួមចំណែកទាំងឡាយ ដែលពលរដ្ឋអាមេរិកមានដើមកំណើតនៅបរទេសបានផ្តល់។ ខ្ញុំសង្ឃឹមថា លោកអ្នករីករាយនឹងការសម្តែងដ៏ល្អដែលត្រូវបានរៀបចំឡើងដោយនាយករៀបចំពិធីបុណ្យ Anton Isselhardtនិងក្រុមរបស់លោក»។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្នុងចំណោមអ្នកសិល្បៈ អ្នកនិពន្ធឈ្មោះ អ៊ុង ជិនណារី មានដើមកំណើតនៅខេត្តតាកែវ គឺជាអ្នកនិពន្ធដ៏មានជោគជ័យ ហើយត្រូវបានសាទរជាអន្តរជាតិ ជាមួយនឹងពានរង្វាន់ល្បីៗជាច្រើន រួមជាមួយនឹងបណ្ឌិត សំ សំអាង អ្នកសិក្សាស្រាវជ្រាវផ្នែកភ្លេងទាក់ទងនឹងវប្បធម៌ ដែលបានធ្វើការនៅក្នុងសហរដ្ឋអាមេរិក និងនៅកម្ពុជា ដើម្បីធ្វើការអភិរក្ស និងបំផុសសិល្បៈសម្តែងរបស់ខ្មែរ។
លោកជំទាវរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖ «ខ្ញុំសង្ឃឹមថា លោកអ្នកនឹងរីករាយជាមួយនឹងភាពស្មុគស្មាញ និងភាពសម្បូរបែបនៃតន្រ្តី ដែលត្រូវបានបង្កើតឡើងនៅក្រោមកាលៈទេសៈផ្សេងៗនៃការធ្វើអន្តោប្រវេសន៍ ហើយដឹងថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសរួមចំណែកចំពោះការអភិវឌ្ឍបែបនេះ»។
ចំពោះព័ត៌មានបន្ថែម សូមអាន www.musicfestival-phnompenh.org ។
អត្ថបទ៖ ស តារា