ខេត្តពោធិ៍សាត់៖ សាកសពតា និងចៅត្រូវបានអ្នកនេសាទទៅបង់សំណាញ់ប្រទះឃើញក្នុងទឺកស្ទឹង នៅគ្រាដែលគេសង្ស័យជនរងគ្រោះទាំងពីរនាក់ (តា និងចៅ) នាំគ្នាទៅឲ្យទឹកក្របី នៅចំណុចក្នុងទឹកស្ទឹងធ្លាម្អម ស្ថិតក្នុងភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ។
តាមការរៀបរាប់របស់ឈ្មោះ ឌី ណារី ត្រូវជាប្រពន្ធជនរងគ្រោះ និងអ្នកបង់សំណាញ់ឈ្មោះ សោន សារ៉ាន់ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បាននាំចៅទៅឲ្យទឹកក្របីនៅស្ទឹងខាងកើតផ្ទះចម្ងាយ៥០ម៉ែត្រ មួយសន្ទុះក្រោយមកស្រាប់មានអ្នកស្រុករត់មកប្រាប់ថា ២នាក់តា និងចៅបានលង់ទឹកស្លាប់នៅក្នុងស្ទឹង ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
បើយោងតាមសម្តី របស់ឈ្មោះ សោន សារ៉ាន់ បានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងដែរថា នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់នាថ្ងៃដដែល រូបគាត់បានបង់សំណាញ់នៅក្នុងស្ទឹង ស្ថិតនៅចំណុចខាងលើ ស្រាប់ តែឃើញសក់មនុស្សអណ្តែតទឹក ក្រឡេកមើលទៅឃើញដៃមនុស្សក្មេងបក់ខ្វៃៗ ឈ្មោះ សោន សារ៉ាន់ ក៏ស្រែកហៅឲ្យគេជួយមុជរាវរក ស្រាប់តែប្រទះឃើញសពជនរងគ្រោះ២នាក់ (តានិងចៅ នៅក្នុងទឹក) ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណ ១ឈ្មោះ នីម ស៊ីណែត ភេទប្រុស អាយុ៤ឆ្នាំ ត្រូវជាចៅ ទី២ឈ្មោះម៉ឹង អន ភេទប្រុសអាយុ៦៨ឆ្នាំ ត្រូវជាជីតា អ្នកទាំងពីររស់នៅភូមិកើតហេតុខាងលើ ។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានអះអាងថា ក្រោយពេលសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា ជនរងគ្រោះទាំងពីរនាក់ពិតជាស្លាប់ដោយសារលង់ទឹកស្ទឹង និងតាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពីណៃ ៕ ប៉ឹម ពិន