ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង ០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងថា ៖ ក្រោយទទួលបានព័ត៌មានអំពីករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការណ៍អនុវត្តន៍ និងដោយមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ វឿត សំណាង ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងរឹបអូសវត្ថុតាងរួមមាន ៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០២កូនថង់កឹប ស្មើ ៦.៤៤ក្រាម បន្ទាប់ពីសាកសួររួចមក ជនសង្ស័យខាងលើមានសារភាពថា គឺឈ្មោះ សន គឹមហួយ ជាអ្នកប្រើខ្លួនឲ្យយកគ្រឿងញៀនមកចែកចាយបន្ត ។
ក្រោយពីទទួលបានចម្លើយពីជនសង្ស័យខាងលើ កម្លាំងយើងទទួលបានតម្រុយមួយចំនួន ទើបលោកសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការណ៍អនុវត្តបន្ត និងស្នើសុំគោលការណ៍ទៅព្រះរាជអាជ្ញាដើម្បីឆែកឆេរផ្ទះរបស់ឈ្មោះ សន គឹមហួយ ។
ក្រោយពីទទួលបានដីកាឆែកឆេរ និងមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចូលឆែកឆេរក្នុងផ្ទះរបស់ឈ្មោះ សន គឹមហួយ និងរឹបអូសវត្ថុតាងរួមមាន ៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ១២ថង់កឹប ស្មើនឹង ៦៧៦.៨ក្រាម, គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ៨៧៤គ្រាប់, គ្រឿងញៀនអ៊ិចស្តាស៊ី ចំនួន ៩.៥គ្រាប់, គ្រឿងញៀនកេតាមីន ចំនួន ០១កូនថង់ ស្មើនឹង ១.៦៨ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១, កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ , រថយន្ត ០១គ្រឿងញៀន ម៉ាកកាមេរី ស៊េរីឆ្នាំ១៩៩១ , ទូរស័ព្ទដៃ ០១គ្រឿង, ខ្សែដៃលោកហធាតុពណ៌លឿង មានបន្តោងរាងមូល ០១ខ្សែ ប្រវែង ១៦សង្ទីម៉ែត្រ, ខ្សែដៃលោកហធាតុពណ៌លឿងរាងសំប៉ែត ០១ខ្សែ ប្រវែង ១០សង្ទីម៉ែត្រ , ខ្សែជើងលោហធាតុពណ៌លឿងរាងមូល ចំនួន ០២ខ្សែ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០៣សន្លឹក, សៀវភៅគ្រួសារ ចំនួន ០២ក្បាល , លិខិតស្នើសុំបញ្ជាក់ការកាន់កាប់ដីធ្លីចំនួន ០១សន្លឹក លិខិតស្នើសុំការអនុញ្ញាតសាងសង់ស្ថានីយ៍ប្រេងឥន្ទនៈ និងអាគារសេវាកម្ម ចំនួន ០១ច្បាប់ សេចក្តីថតចម្លងសំបុត្រអាពាហ៍ពិពាហ៍ ចំនួន ០១សន្លឹក សៀវភៅលិខិតឆ្លងដែន ០១ក្បាល ។
ចំណែកជនសង្ស័យឈ្មោះ សន គឹមហួយ បានគេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕