ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ខណះ ជិះម៉ូតូឆ្លងថ្នល់មិនប្រយ័ត្ន ត្រូវរថយន្តបើកបុកពេញទំហឹង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៥ ខែតុលា ២០១៨ នៅលើផ្លូវជាតិលេខ១៣ ក្នុងភូមិព្រះអង្កែវ ឃុំជ្រុលពពេល ស្រុករំដួល ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ច នគរបាលស្រុកបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះហែម វន អាយុ71ឆ្នាំ រស់នៅភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល ខេត្ត ស្វាយរៀងជិះម៉ូតូ ម៉ាកហុងដា គុបC50 ពណ៌ស្លែ អត់ស្លាកលេខខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះពៅ ធារុន ភេទប្រុស អាយុ23ឆ្នាំ រស់នៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក្រោយមក បានរត់គេចខ្លួនភ្លាមៗ ។
តាមសាក្សីបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូបត់ឆ្លងផ្លូវ ស្រាប់តែរថយន្តម៉ាកហីុយ៉ាន់ដាយ 1.5តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP2092 ទិសដៅបញ្ច្រាសគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងតែម្ដង ។
សមត្ថកិច្ចមូលដ្ឋានបានមកដល់វាស់វែងនិងអូសយករថយន្ត និងម៉ូតូ មករក្សាទុក នៅអធិការដ្ឋានស្រុករំដួលដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន