គ្រោះអត់ឃ្លានត្រូវបានគេចាត់ទុកជា «គ្រាប់បែកបរមាណូពេលវេលា»ដោយ អាចសម្លាប់មនុស្សរាប់លាននាក់នៅលើ ពិភពលោក ដោយមិនបង្ហូរឈាម សម្លាប់ ដោយសន្សឹមៗ ។ នៅពេលនេះ ប្រទេសយេមែ៉នកំពុងតែរងការវាយប្រហារដោយ «បរមាណូពេលវេលា» ដោយប្រឈមនឹងគ្រោះអត់ឃ្លានមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ ។
ពេលថ្មីៗនេះ អគ្គលេខាធិការរងអង្គការ សហប្រជាជាតិទទួលបន្ទុកមនុស្សធម៌ របស់អង្គការសហប្រជាជាតិ លោក Mark Lowcok បានព្រមានថា ប្រទេសយេមែនស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ មិនធ្លាប់ មានពីមុនមកក្នុងនោះគឺគ្រោះអត់ឃ្លាន ។
លោក Lowcok បញ្ជាក់ថា អាយុជីវិត មនុស្សជាច្រើនក្នុងប្រទេសនេះ កំពុងរង ការគំរាមកំហែង ដោយគ្រោះអត់ឃ្លាន ហើយមានពលរដ្ឋប្រមាណ១៤លាននាក់ ស្មើនឹងពាក់កណ្តាល នឹងត្រូវពឹងផ្អែកទៅលើ ជំនួយមនុស្សធម៌ដើម្បីបន្តជីវិតរស់នៅ ។
លោក Mark Lowcok បន្តទៀត សង្គ្រាម ស៊ីវិលនៅក្នុងទីក្រុងកំពុងផែ Hodeida ដែលជាតំបន់ទទួលជំនួយមនុស្សធម៌ ស្បៀងអាហារ កំពុងតែគំរាមកំហែង ដល់ សកម្មភាពជួយសង្គ្រោះ ។ លោកបាន អំពាវនាវដល់ភាគីពាក់ព័ន្ធឈប់បាញ់គ្នានៅតំបន់ជុំវិញកំពង់ផែ ដើម្បីឲ្យនាវាដឹក ទំនិញអាចចូលចត និងដឹកជញ្ជូនទៅកាន់តំបន់រងគ្រោះបានឆាប់បំផុត ។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយការប្រកាស របស់លោក Mark Lowcok សម្ពន្ធមិត្តអារ៉ាប់ ដឹកនាំដោយសាវឌីអារ៉ាប៊ី បានបញ្ជូនក្រុមជំនួយក្នុងនោះមានទាំងរថក្រោះរថពាសដែក ទៅកាន់តំបន់កំពង់ផែដើម្បីការពារ ។ បណ្តាមន្ត្រីយេមែនបានបញ្ជាក់ថា កំពុងតែទប់ទល់នឹងការវាយប្រហារថ្មីៗទៀត ។
សង្គ្រាមបានរារាំងដល់សកម្មភាពដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់យេម៉ែន ។ សូម្បីតែអង្គការសហប្រជាជាតិបានជំរុញសកម្មភាពផ្តល់ជំនួយដល់ពលរដ្ឋជាង៨លាននាក់ កំពុងខ្វះស្បៀងអាហារ ប៉ុន្តែ បុគ្គលិកមិនអាចចូលទៅដល់តំបន់រងគ្រោះ អត់ឃ្លាននោះឡើយ ។
នៅក្នុងរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាល Save the Chidren បានបញ្ជាក់ ថា តម្លៃស្បៀងអាហារបានកើនឡើងខ្ពស់ទ្វេដងនៅប្រទេសនេះ ។ លោក Tamer Kirolos អគ្គនាយកអង្គការ Save the Chidren ប្រចាំនៅយេម៉ែនបានឲ្យដឹងថា សេដ្ឋ កិច្ចប្រទេសនេះដួលរលំ គឺជាការសម្លាប់ មនុស្សដោយស្ងប់ស្ងាត់ ។ ពលរដ្ឋត្រូវ ខិត ខំដើម្បីបន្តជីវិតរស់នៅ ។ ឪពុកម្តាយបង្អត់អាហារដើម្បីផ្តល់អាហារដែលនៅសេសសល់តិចតួចទុកឲ្យកូនតូចៗ ។
សង្គ្រាមស៊ីវិលនៅយេមែនអូសបន្លាយ៣ឆ្នាំកន្លងមក រវាងក្រុមឧទ្ទាម Houthi ដែលទទួលបានការគាំទ្រពីអុីរ៉ង់ គ្រប់គ្រង មួយផ្នែកនៃប្រទេសនេះ ក្នុងនោះមានទាំង រដ្ឋធានី Sana’a ។ ប្រទេសសាវឌីអារ៉ាប៊ី និងបណ្តាប្រទេសអារ៉ាប់ បានចូលរួមនៅ ក្នុងសង្គ្រាមនោះ ដោយជួយដល់កម្លាំង ទាហានរដ្ឋាភិបាលយេមែ៉ន តាំងពីឆ្នាំ២០១៥ មក ធ្វើឲ្យសង្គ្រាមកាន់តែតានតឹង ។
ពលរដ្ឋស្លូតត្រង់បានក្លាយទៅជាជន រងគ្រោះនៅក្នុងវិបត្តិនយោបាយការវាយប្រហារ ។ តាមរបាយការណ៍មានពលរដ្ឋជាង១០ពាន់នាក់ស្លាប់ និងរាប់លាននាក់កំពុងតែត្រូវការជំនួយជាបន្ទាន់ពីសហគមន៍ អន្តរជាតិ៕ ម៉ែវ សាធី