ព័ត៌មានទាន់ហេតុការណ៍៖

កាន់រូបថតដើររកកូនស្រីក្រោយពីបាត់ខ្លួន៤ថ្ងៃមិនមានដំណឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្នុងដៃមានកាន់រូបថតកូនស្រីជាមួយទឹកមុខស្រងួតស្រងាត់ និងព្រួយបារម្ភ បានដើរសំដៅមកមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដើម្បីសុំឲ្យជួយផ្សព្វផ្សាយរកកូនស្រីរបស់គាត់ បន្ទាប់ពីចេញពីផ្ទះអស់រយៈពេល៤ថ្ងៃដោយគ្មានដំណឹងអ្វីបន្តិចសោះ ។

ការស្វះស្វែងឲ្យខាងអង្គភាពសារព័ត៌ជួយផ្សព្វផ្សាយនេះ គឺបានមកដល់មន្ទីរព័ត៌មានកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ក្រោយពីគាត់បានដើររកគ្រប់ទីកន្លែងអស់ហើយ នៅតែមិនឃើញ ។

ស្ថិតនៅក្នុងទឹកមុខស្រពោន បុរសរូបនោះ បានប្រាប់ថាគាត់មានឈ្មោះស៊ុំ ញ៉ អាយុ៥៥ឆ្នាំ មានទីលំនៅក្នុងភូមិគោកស្តៅ ឃុំទឹកហូតស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ នៅក្នុងអារម្មណ៍ក្តុកក្តួល បាននិយាយរៀបរាប់ទាំងអួលដើមក ថា រូបគាត់បានបាត់កូនស្រី ម្នាក់ ឈ្មោះ សាំង សុជា អាយុ១៨ឆ្នាំ បានចេញពីផ្ទះទៅតាំងពីថ្ងៃទី២៣ ខែតុលា មកម្ល៉េះ ដោយប្រាប់ថា ទៅរកការងារធ្វើនៅស្រុកកំពង់ត្រឡាច រួច ក៏បាត់ដំណឹងឈឹងតែម្តង សូម្បីតែទូរស័ព្ទ របស់កូនស្រីគាត់ ក៏តេលែងចូលដែរ មិនដឹងថា នៅពេលនេះសុខទុក្ខកូនស្រីរបស់គាត់ យ៉ាងណានោះទេ ព្រោះថា ៤ថ្ងៃដែលគ្មានដំណឹងសូន្យឈឹង ។

បុរសរូបបានប្រាប់បន្តទៀតថា កន្លងមកកូនស្រីរបស់គាត់បានស្គាល់យុវជនម្នាក់ តាម ទូរស័ព្ទ ហ្វេសបុក ដែលយុវជននេះ ជាអ្នករស់នៅខេត្តកំពង់ចាម ក្រោយពីទំនាក់ទំនងគ្នាតាមទូរស័ព្ទមក កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ យុវជនរូបនោះ នាំគ្នាមកលេងផ្ទះរបស់គាត់ មានគ្នា៣នាក់ មានស្រីម្នាក់ និង ប្រុស២នាក់ ដែលយុវជននោះប្រាប់ថា ជាបងប្អូនរបស់ពួកគេ ។ ពេលមកលេងនោះ គាត់ ជាឪពុកម្តាយ បានរៀបចំបាយមួយពេលទទួលយុវជននោះផងដែរ ក្រោយពីហូបបាយរួច យុវជននោះបានត្រឡប់ទៅផ្ទះវិញបាត់ទៅ ។

សម្តីមួយៗបុរសនោះបានប្រាប់ទៀតថា បន្ទាប់ពីយុវជននោះត្រឡប់ទៅវិញក្រុមគ្រួសាររបស់គាត់សង្កេតឃើញថា កូនស្រីរបស់គាត់ ពុំសូវចុះមកដី សម្ងំតែក្នុងបន្ទប់ហើយ និយាយទូរស័ព្ទរហូត ប៉ុន្តែមិនដឹងថា និយាយទូរស័ព្ទជាមួយអ្នកណាគេនោះទេ រហូតដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ទើបកូនស្រីរបស់គាត់បានសុំគាត់ទៅដាក់ពាក្យរកការងារធ្វើ ជាកម្មកររោងចក្រនៅស្រុកកំពង់ត្រឡាច រូបគាត់ ក៏បានអនុញ្ញាតុឲ្យទៅ ពេលដែលទៅនោះកូនគាត់បានជិះម៉ូតូមួយគ្រឿង និង ទូរស័ព្ទដៃ ផងដែរ ក្រោយពីចេញទៅ ក៏បាត់ឈឹងតែម្តង លែងផ្តល់ដំណឹងអ្វីទាំងអស់ មកក្រុមគ្រួសារ សូម្បីតែលេខទូរស័ព្ទដែលធ្លាប់ប្រើ ក៏លែងទាក់ទងបានទៀត ។

ក្រោយពេលបាត់ខ្លួន កូនស្រី ពួកគាត់ដែលជាក្រុមគ្រួសារពិតជាព្រួយបារម្ភជាខ្លាំង ព្រោះកូនធ្លាប់តែនៅក្បែរនឹងភ្នែក និងច្រមុះរាល់ថ្ងៃ ពេលដែលឃ្លាតពី ក្រុមគ្រួសារ មិនដឹងជានៅទីណា សុខទុក្ខដូចម្តេច ពេលនេះរូបគាត់ជាឪពុក ស្ទើរតែនឹងឈឺទៅ ហើយ ដោយសារតែខ្វាយខ្វល់ និង បារម្ភពីកូនស្រី ។

រូបគាត់បានលើកដៃសូមឲ្យបណ្តាញសារព័ត៌មានក្នុងស្រុកទាំងអស់ មេត្តាដល់រូបគាត់ ជួយយកដំណឹងនេះ ទៅផ្សព្វផ្សាយឲ្យបានច្រើន ដើម្បីដំណឹងនេះបានដល់កូនស្រីរបស់គាត់ ហើយប្រសិនបើកូនស្រីបានលឺ និង ឃើញដំណឹងនេះ សូមកូនស្រីឪពុកត្រឡប់មកផ្ទះវិញ បើទោះបីស្ថិតក្នុងស្ថានភាពបែបណា ក៏ដោយ ក៏ឪពុក និង ក្រុមគ្រួសារ មិនស្តី ថា បន្ទោសដល់កូនស្រីដែរ សំខាន់ពេលនេះ កូនស្រីត្រូវត្រឡប់មកផ្ទះជួបជុំក្រុមគ្រួសារ ពួកយើងដូចពេលមុនទៀត ។

បុរសរូបនេះ ក៏អំពាវនាវដល់សមត្ថកិច្ច ឬ អ្នកដែលស្គាល់ កូនស្រីគាត់ដែលមានភិនភាគដូចនៅក្នុងរូបថតនេះ មេត្តាជួយប្រាប់ដំណឹងនេះ មកគាត់ផង តាមរយៈទូរស័ព្ទរបស់គាត់ លេខ ០៦៩ ៦៧ ៣២ ៥៥ ៕ ចន្ថា


ចែករំលែក៖