ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបសម្បុកគ្រឿងញៀននៅត្រែងត្រយឹង ឃាត់ខ្លួន១១នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្រ្តីម្នាក់ជាមេចែកចាយថ្នាំញៀន រួមទាំងអ្នកប្រើប្រាស់១០នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះបំបែកសម្បុក ឃាត់ខ្លួននិងរឹបអូសថ្មញៀនបានមួយចំនួន ចាត់ការតាមច្បាប់ ។ ករណីបង្ក្រាបគ្រឿងញៀននេះ បានកើតឡើងនៅម៉ោង៤ និង៥នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា នៅមុនឈានដល់បើកប្រតិបត្តិការបង្ក្រាបសម្បុកគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបានធ្វើការតាមដានមុខសញ្ញានេះយូរថ្ងៃហើយ ។ លុះដល់ថ្ងៃកើតហេតុ កម្លាំងសម្ងាត់ បានរាយការណ៍ថា ផ្ទះ១កន្លែង កំពុងចែកចាយ និងផ្តល់ទីតាំងឲ្យមនុស្ស១ក្រុមប្រើប្រាស់ថ្នាំញៀន ។

សមត្ថកិច្ច បន្តថា ក្រោយទទួលបានព័ត៌មានច្បាស់ហើយ លោកអធិការស្រុក បានស្នើសុំគោលការណ៍ពីលោកសម សាមួន ស្នងការនគរបាលខេត្ត ដើម្បីដឹកនាំកម្លាំងចុះបង្ក្រាប ។ កិច្ចប្រតិបត្តិការនេះ មានកម្លាំងសន្តិសុខ និងនគរបាលស្រុក,កម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុក ចុះបង្ក្រាបទីតាំងខាងលើ ឃាត់ខ្លួនស្រ្តីម្នាក់ជាម្ចាស់ផ្ទះឈ្មោះ ហេង ឈាង អាយុ៣៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ និងអ្នកប្រើប្រាស់គ្រឿងញៀន១០នាក់ទៀតរួមមាន១-ឈ្មោះ សុខ ចិត្រា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិថ្មី ឃុំចំបក់​ ២-ឈ្មោះ សុខ គឹម ភេទប្រុស អាយុ ២៣​ឆ្នាំ នៅភូមិថ្មី ឃុំចំបក់​ ៣-ឈ្មោះ ប៊ូ វឿន ភេទ​ប្រុស អាយុ ៣០ឆ្នាំ នៅ​ភូមិទី២ ឃុំត្រែងត្រយឹង​ ៤-ឈ្មោះ រឹម សារិន ភេ​ទ​ប្រុស អាយុ ៣១ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រ​យឹង​ ៥-ឈ្មោះ នៅ វ៉ាត ភេទប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិទី៣ ឃុំត្រែងត្រយឹង​ ៦-ឈ្មោះ អេង សុគុន្ធី ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រ​យឹង​ ៧-ឈ្មោះ លួន បូរា ភេទប្រុស អាយុ ៣​៧​ ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង​ ៨-ឈ្មោះ ចាន់ រី ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រ​យឹង​ ៩-ឈ្មោះ ភេ​ន សំភាស់ ភេទប្រុស អាយុ ២​០ឆ្នាំ នៅភូមិទី៣ ឃុំត្រែងត្រយឹង​ ១០-ឈ្មោះ សៀវ ហៀ​ង ភេទស្រី អាយុ ៣៥ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រ​យឹង ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងរួមមានគ្រឿងញៀនចំនួនន១២​កញ្ចប់​ ,ជញ្ជីងថ្លឹងគ្រឿងញៀន ០១​ ,ម៉ូតូម៉ាកចំរុះ​ ០៦គ្រឿង,ទូរស័ព្ទដៃចំរុះ​ ០៦​គ្រឿង ​ឧបករណ៍​ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន​មុខសញ្ញា​ពាក់ព័ន្ធ​ទាំង​ ១១​នាក់​ រួមជាមួយ​វត្ថុតាង​ ត្រូវសមត្ថកិច្ចស្រុក​ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត ចាត់ការតាមនីតិវិធី ​៕ សេនាស័ក្តិ


ចែករំលែក៖