ប៉ោយប៉ែត៖ ម្ចាស់រថយន្តពាក់ស្លាកខេមរភូមិន្ទ សង្ស័យបើកបុករះម៉ូតូបណ្ដាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង២៣នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចB1 តាមបណ្ដោយផ្លូវលំចាក់បេតុង ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចជំនាញប្រាប់ថា មុនកើតហេតុ គេឃើញរថយន្តចង្កូតស្តាំម៉ាក Ford EVEREST មួយគ្រឿង ពណ៌ត្រេអ៊ី ស្លាកលេខ ខេមរភូមិន្ទ 09 2-1208 ដែលម្ចាស់ជាអ្នកបើកបរ ឈ្មោះ ប៉ែន ប្រុស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបអាជីវករលក់ដូរផ្សារថៃ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បើកបរក្នុងស្ថានភាពស្រវឹងចេញពីកម្មវីធីក្មុងទិសដៅ ពីជើងទៅត្បូងចំណែកម៉ូតូជនរងគ្រោះបើកម៉ូតូម៉ាក Honda ឌ្រីមសង់ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីត្បួងទៅជើង បញ្ច្រាសទិស លុះដល់ចំណុចកើតហេតុរថយន្ត បង្កបើកជែងម៉ូតូកង់បី ក៏ជ្រុលចង្កូតបុកម៉ូតូចំពីមុខបណ្ដាលរងរបួសធ្ងន់តែម្តង ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណមានគ្នា៤នាក់ ក្មេង២នាក់ ស្រីទាំងអស់ សុទ្ធតែរងរបួសធ្ងន់ដូចគ្នា។
ភ្លាមនោះកម្លាំងអន្តរាគមន៍វរៈ911 និងកម្លាំងប៉ុស្តិ៍បឹងសាគូ បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនជនបង្កទុក និងទំនាក់ទំនងទៅជំនាញចរាចរណ៍អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត មកវាស់វែងតាមនីតិវិធីច្បាប់ ។
ជនរងគ្រោះទាំង៤នាក់ ត្រូវរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី) ចំណែកម៉ូតូ និងរថយន្ត ហើយនិងជនបង្ក ត្រូវបានកម្លាំងជំនាញចរាចរណ៍ យកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមច្បាប់ ។
សួមរំលឹកថា រថយន្តចង្កូតស្ដាំ ពាក់ស្លាក់ខេមរភូមិន្ទ និង ន.ប កំពុងតែចរាចរណ៍ពេញក្រុងប៉ោយប៉ែត និង ខេត្តបន្ទាយមានជ័យ ដែលរថយន្តទាំងនោះ ត្រូវគេរាយការណ៍ថា ក្រុមឈ្មួញបាននាំចូលពីប្រទេសថៃ តាមច្រករបៀង មកចែកចាយសួម្បីតែអ្នកគ្មានតួនាទី ក៏មានសិទ្ធិទិញជិះដែរ ដូចជនបង្កខាងលើនេះ ៕ វណ្ណា