ខេត្តពោធិ៍សាត់៖ សមត្តកិច្ចនគរបាលនៃអធិការដ្ឋានក្រុងពោធិ៍សាត់ កសាងសំណុំឯកសារបញ្ជូនបុរសចិត្តឆេវឆាវម្នាក់ ទៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់បន្តនីតិវិធី បន្ទាប់ពីបុរសសង្ស័យខាងលើបានប្រើអំពើហិង្សា(កាប់ប្រពន្ធ) ខណៈដែលត្រូវបានគេសង្ស័យបណ្ដាលមកពីកើតរោគភ្លើងប្រចណ្ឌ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្តីខ្វាវ សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ប៊ី គង់ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.សង្កាត់កើតហេតុខាងលើ រីឯស្រ្តីជាប្រពន្ធរងគ្រោះឈ្មោះ និន គឹនហាន អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ។
អធិការនគរបាលបន្តទៀតថា ស្រ្តីជាប្រពន្ធរបួសធ្ងន់កំពុងដេកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ បុរសជាប្តីសង្ស័យដៃដល់បានឃាត់ខ្លួន និងកំពុងបំពេញសំណុំឯកសារពាក់ព័ន្ធ បញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់ ដើម្បីបន្តនីតិវិធី៕ ប៉ឹម ពិន