ព័ត៌មានទាន់ហេតុការណ៍៖

លិចទូកដឹកកម្មករសំណង់០១គ្រឿង នៅចំណុច «ពយអាវខ្មោច» ក្រុង-ខេត្តព្រះសីហនុ បណ្ដាលឲ្យស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីលិចទូកដឹកកម្មករសំណង់០១គ្រឿង បណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និងកម្មករម្នាក់ទៀតបានបាត់ខ្លួន ខណៈនេះសមត្ថកិច្ចកំពុងព្យាយាមតាមស្វែងរក។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ករណីលិចទូកដឹកកម្មករសំណង់នេះ បានកើតឡើងនៅចំណុច «ពយអាវខ្មោច» ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុង-ខេត្តព្រះសីហនុ ។

ចំណែកជនរងគ្រោះជាកម្មករ ដែលស្លាប់ មានឈ្មោះ ធំ សារ៉ាត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិចាក់អង្រែរលើ សង្កាត់ព្រែកតាគង់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយឡែកម្នាក់ទៀត ដែលបានបាត់ខ្លួន មានឈ្មោះ ស៊ាប ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ មុខរបរកម្មករ ជាមួយគ្នា មានស្រុកកំណើត នៅខេត្តកំពត។

លោកបានបន្តឲ្យដឹងទៀតថា មូលហេតុដែលកើតមានឡើងករណីលិចទូកដឹកកម្មករសំណង់ ខាងលើនេះ ដោយសារតែទូកនេះ ជាប្រភេទទូកកន្ទុយវែង និងបានដឹកចំនួនមនុស្សរហូតដល់ទៅ១៣នាក់មិនអាចទប់ទល់និងទម្ងន់ផ្ទុក ទើបបណ្ដាលឲ្យមានការលិចបែបនេះ ។

ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងជាចុងក្រោយទៀតថា ក្នុងពេលកើតហេតុបានទូកនេសាទ ដែលកំពុងចតក្បែរកន្លែងកើតហេតុចេញទៅជួយសង្គ្រោះជាបន្ទាន់ ដោយស្រង់បានជនរងគ្រោះនៅលើទូកចំនួន១១នាក់ ក្នុងចំណោម១៣នាក់ ។ ក្នុងនោះស្លាប់០១នាក់ ដែលមានឈ្មោះខាងលើ និងបាត់ខ្លួន០១នាក់ ពេលនេះ សមត្ថកិច្ចនៅតែបន្តស្វែងរកជនរងគ្រោះផងដែរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖