ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់រាប់អានគ្នាអាណិត ឃើញនាងអត់អីជិះ ផ្ញើម៉ូតូនិកតាមរថយន្តតាក់ស៊ីឲ្យ ដល់ភ្នំពេញ នាងបិទលេខទូរស័ព្ទបាត់ អំពាវនាវឲ្យនាងយកម៉ូតូមកឲ្យវិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបាននារីវ័យក្មេងម្នាក់បានស៊ីដាច់ម៉ូតូស៊េរីទំនើបមួយគ្រឿង ម៉ាកនិក ដោយសារតែការរាប់អានគ្នា ហើយមានចិត្តអាណិតនាង ជាក្មេងឧស្សាហ៍ព្យាយាម តែងតែមកលក់ដូរជាមួយម្តាយ នៅក្នុងផ្សារបេនឡាន (ផ្សារកំពង់ស្ពឺ)នោះ ហើយនាងបានធ្វើដំណើរទៅភ្នំពេញវិញ ដោយជិះរថយន្តតាក់ស៊ី ហើយពីរថ្ងៃក្រោយមក បានទូរស័ព្ទទៅថាជួយផ្ញើម៉ូតូតាមរថយន្តមកភ្នំពេញឲ្យនាងផង នាងជិះត្រឡប់ទៅខេត្តកំពង់ស្ពឺវិញ។

បើតាមសម្តីរបស់បុរសជាម្ចាស់ម៉ូតូមានឈ្មោះស៊ូ សាវ៉ាត អាយុ៤៨ឆ្នាំ មុខរបរធ្វើការងារនៅក្នុងចំណតរថយន្តផ្សារកំពង់ស្ពឺ ស្នាក់នៅក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរៀបរាប់ឲ្យដឹងថា លោកបានស្គាល់នារីរងគ្រោះជិត៣ខែហើយ ដោយសារតែឃើញនាង (ឈ្មោះកនិការ) មកលក់ដូរជាមួយម្តាយមានការអាណិតពេក ក៏បានសុំកន្លែងឲ្យលក់ដូរ ហើយរាប់អានគ្នារហូតមក លុះដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នាងទូរស័ព្ទមកលោកថា សូមឲ្យលោក (ស៊ូ សាវ៉ាត) ម្ចាស់ម៉ូតូ ជួយផ្ញើតាមរថយន្តតាក់ស៊ីមកឲ្យនាងផង នាងជិះម៉ូតូនោះត្រឡប់ទៅកំពង់ស្ពឺឲ្យវិញ។

លោកបានបន្តទៀតថា ដោយមានការអាណិត និងទុកចិត្តផងនោះ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ រូបលោក ក៏បានរៀបចំដាក់ម៉ូតូម៉ាកស៊ុយ ហ្វូគីនិក ពណ៌ស បិទតែម ពណ៌កណ្តុរល្មេះ ពាក់ស្លាកលេខ ភ្នំពេញ 1CF6165 តាមរថយន្តតាក់ស៊ីចេញពីចំណតរថយន្តផ្សារកំពង់ស្ពឺ ទៅដល់ចំណតរថយន្តផ្សារធំថ្មី រាជធានីភ្នំពេញ ដោយ កនិការ ជាអ្នកចាំទទួលនៅទីនោះ រហូតដល់ម៉ោង១រសៀលថ្ងៃដដែល កនិការ ទូរស័ព្ទថា បានទទួលម៉ូតូនោះហើយ ។

លោកបន្តទៀតថា ស្រាប់តែព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នាងថា ជិះម៉ូតូនោះពីភ្នំពេញមកឲ្យលោកនៅផ្សារកំពង់ស្ពឺវិញ ក៏មិនឃើញមក ទូរស័ព្ទខលមិនចូល អាខោនហ្វេកប៊ុក ក៏ប្លុករបស់លោកថែមទៀតផង។

លោកបានបញ្ជាក់ថា សង្ស័យតែលោកចាញ់បោក កនិការ ហើយមើល៍ទៅ ដែលលោកគ្រាន់តែស្គាល់ឈ្មោះ កនិការ អាយុ១៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅក្នុងភូមិខ្នា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប៉ុណ្ណោះ ។ លោកបានបញ្ជាក់ទៀតថា សូមឲ្យ កនិការ (អ្នកដែទទួលម៉ូតូ) នោះយកម៉ូតូមកប្រគល់ឲ្យលោកក្នុងរយះពេល៥ថ្ងៃជាកំហិត បើមិនយកមកប្រគល់ឲ្យលោកវិញទេ លោកនឹងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ហើយ ។ ដូចនេះសូម កនិការ ជួយយកម៉ូតូ និក នោះយកមកប្រគល់ឲ្យលោកមិនទាន់ហួសពេលនោះទេ ៕ សេនាស័ក្តិ


ចែករំលែក៖