ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់អ្នកបើកបររថយន្តធុនធំ ពេលចុះចំណោតជ្រុលបុករបាំងថ្ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសអ្នកបើកបររថយន្តដឹកខ្សាច់មួយរូបបានស្លាប់ ក្រោយបើករថយន្តចុះផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ រួចបុកទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបរធ្លាក់ចេញពីរថយន្តរងគ្រោះរហូតដល់បាត់បង់ជីវិតកាលពី វេលាម៉ោងជាង៤រសៀល៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃ៣០ ខែតុលា ឆ្នាំ២០១៨។

នគរបាលបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយខ្លួនឯង គឺរថយន្តបែនដឹកខ្សាច់ ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាក លេខតាកែវ3A-0638 បើកបរដោយឈ្មោះ វ៉ាន់ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បើកបរទិសដៅពីឃ្លាំងលើ ឆ្ពោះទៅ កែងរ៉ា ។លុះដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោត រថយន្តមានល្បឿនលឿនផងក៏រេចង្កូតមកខាងឆ្វេងដៃបុកនឹងរនាំងពុះចែកផ្លូវ រួចបោកក្រឡាប់ត្រឡប់ក្រោយ បណ្ដាលឲ្យអ្នកបើកបររថយន្តខ្ទាតចេញក្រៅស្លាប់តែម្ដង។

សមត្ថកិច្ចបន្តទៀតថាគ្រោះថ្នាក់នេះបណ្ដាលឲ្យខូចខាតរបាំងពុះចែកផ្លូវអស់ចំនួន៩ផ្ទាំង និង បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម ចំណែកវត្ថុតាង រថយន្ត១គ្រឿង សមត្ថកិច្ចជំនាញបានចាត់ចែងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ឆ្លាម សមុទ្រ


ចែករំលែក៖