ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា សំបុត្រសម្រាប់ចូលទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌ AFF Suzuki Cup រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី ០៨ វិច្ឆិកា និងរវាងកម្ពុជា និងឡាវ នៅថ្ងៃទី ២០ វិច្ឆិកា នឹងមានដាក់លក់តាមកម្មវិធី ផាយ ផេ (Pi Pay) ដែលជាកម្មវិធីទូទាត់ដោយមិនប្រើក្រដាសប្រាក់ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងពិធីប្រកាសភាពជាដៃគូជាមួយនឹង ផាយ ផេកាលពីថ្ងៃទី៣១ តុលា ២០១៨ អ្នកនាំពាក្យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សុខា រ៉ានាថ បាននិយាយថា ការដែលធ្វើឱ្យសំបុត្រចូលទស្សនាការប្រកួត អាចរកទិញបាននៅលើកម្មវិធី ផាយ ផេ នេះ នឹងធ្វើឲ្យមានភាពងាយស្រួលសម្រាប់អ្នកគាំទ្រក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលមានរហស្សនាមថា អ្នកចម្បាំងក្រុងអង្គរ ក្នុងការទិញសំបុត្រដើម្បីចូលទស្សនាការប្រកួតជម្រុះក្នុងពូល នៅក្នុងក្របខ័ណ្ឌបាល់ទាត់ដ៏ល្បីប្រចាំតំបន់អាស៊ាននេះ ។
លោក រ៉ានាថ បានថ្លែងថា៖ “កាលពីមុន យើងបានលក់សំបុត្រដោយផ្ទាល់តាមបញ្ជរលក់សំបុត្រ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក ក៏ដូចជានៅតាមហាងនានា ប៉ុន្តែ នៅពេលនេះ តាមរយៈការចាប់ដៃគូជាមួយនឹង ផាយ ផេ យើងនឹងអាចលក់សំបុត្រជូនដល់អ្នកគាំទ្របានកាន់តែច្រើននាក់បន្ថែមទៀត តាមរយៈទូរស័ព្ទស្មាតហ្វូនរបស់ពួកគាត់ ហើយជួយឲ្យពួកគាត់អាចទិញសំបុត្រ បានមុនពេលដល់ថ្ងៃប្រកួត” ។
អ្នកគាំទ្រនឹងអាចទិញសំបុត្រតាមកម្មវិធី ផាយ ផេ ចាប់ពីថ្ងៃទី ១ វិច្ឆិកា តទៅ ហើយបន្ទាប់មកពួកគេអាចអញ្ជើញទៅដកសំបុត្រដែលគេបានទិញតាមអនឡាញនោះ នៅឯអគារ ផាយ ផេ ដែលស្ថិតនៅទល់មុខពហុកីឡាដ្ឋានជាតិអូឡាំពិក រហូតដល់ថ្ងៃប្រកួត នាថ្ងៃទី៨វិច្ឆិកាតែម្តង ។ អ្នកគាំទ្រទាំងអស់ត្រូវកាន់សំបុត្រពិតប្រាកដ ដើម្បីមានសិទ្ធិចូលពហុកីឡាដ្ឋានបាននាថ្ងៃប្រកួត ។
លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ បាននិយាយថា៖ “យើងពិតជាមានក្តីរំភើបជាខ្លាំងក្នុងការសហកាជាដៃគូជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការលក់សំបុត្រសម្រាប់ការប្រកួតដ៏អស្ចារ្យទាំងនេះ ពីព្រោះពួកយើងគឺជាអ្នកគាំទ្រក្រុមអ្នកចម្បាំងក្រុងអង្គរ ក៏ដូចជាយីហោបាល់ទាត់របស់គេផងដែរ” ។
លោកបានបន្តទៀតថា៖ “ការធ្វើឲ្យមានការលក់សំបុត្រតាមរយៈ ផាយ ផេ បាន គឺយើងចង់ផ្សព្វផ្សាយដល់ក្រុមអ្នកគាំទ្រជំនាន់ក្រោយ ហើយផ្ដល់ភាពងាយស្រួលដល់ពួកគេក្នុងការមកចូលរួម និងគាំទ្រក្រុមអ្នកចម្បាំងក្រុងអង្គររបស់យើង” ។
ក្រុមហ៊ុន ផាយ ផេ ក៏បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយនឹង Lagardere Sports Asia ដែលជាក្រុមហ៊ុនផ្សព្វផ្សាយផ្នែកទីផ្សារកីឡា ដែលគ្រប់គ្រងរាល់សិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់សម្រាប់ក្របខ័ណ្ឌការប្រកួតបាល់ទាត់ AFF Suzuki Cup ដែលកិច្ចព្រមព្រៀងនេះ គឺដើម្បីក្លាយជាដៃគូគាំទ្រដល់កម្មវិធីប្រកួតក្នុងប្រទេសកម្ពុជា ។
អតិថិជនដែលកំពុងប្រើប្រាស់កម្មវិធី ផាយ ផេ បច្ចុប្បន្ន អាចចាប់ផ្ដើមទិញសំបុត្រ ចាប់ពីថ្ងៃទី១វិច្ឆិកានេះតទៅ ដើម្បីចូលទស្សនាការប្រកួតបាល់ទាត់នានាដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ហើយនឹងអាចប្ដូរយកសំបុត្រពិតប្រាកដបានភ្លាមៗ នៅតាមបញ្ជររបស់ផាយ ផេ នៅខាងក្នុងអគារ ផាយ ផេ ។
សំបុត្រដែលទិញតាមរយៈកម្មវិធី ផាយ ផេ នឹងទទួលបានការបញ្ចុះតម្លៃ៥០%នៃតម្លៃសំបុត្រ ដោយសំបុត្រVIP អាចរកទិញបានក្នុងតម្លៃ៦០០០រៀល ជាជាងក្នុងតម្លៃ១២០០០រៀល ហើយសំបុត្រធម្មតា អាចរកទិញបានក្នុងតម្លៃត្រឹមតែ៣០០០រៀលប៉ុណ្ណោះ ជាជាងក្នុងតម្លៃដើមចំនួន៦០០០រៀល ។
គណនី ផាយ ផេ មួយអាចទិញសំបុត្របានរហូតដល់ទៅ៥សំបុត្រសម្រាប់ប្រភេទសំបុត្រនីមួយៗ និងសម្រាប់ការប្រកួតនីមួយៗ ដែលនេះបានន័យថា អ្នកប្រើកម្មវិធី ផាយ ផេ ម្នាក់ អាចទិញសំបុត្របានរហូតដល់ទៅ២០សំបុត្រ សម្រាប់ការប្រកួតចំនួនពីរ បើសិនជាពួកគេទិញសំបុត្រ VIP ចំនួន៥សំបុត្រ និងសំបុត្រធម្មតាចំនួន៥សំបុត្រ សម្រាប់ការប្រកួតម្តងៗ ។
ក្រុមហ៊ុន ផាយ ផេ បានឲ្យដឹងថា យ៉ាងតិចបំផុត អ្នកគាំទ្រចំនួន២០០០នាក់ដំបូង ដែលទិញសំបុត្រចូលទស្សនាការប្រកួតនីមួយៗតាមរយៈ ផាយ ផេ នឹងទទួលបានអំណោយគួរឲ្យរំភើបផងដែរ នៅពេលដែលពួកគេមកបង្ហាញសំបុត្រដែលមានសញ្ញាសម្គាល់ជាពិសេស នៅឯបញ្ជរ ផាយ ផេ ដែលមានទីតាំងនៅឯច្រកចូលពហុកីឡាដ្ឋាន នាថ្ងៃប្រកួត ។
សម្រាប់កម្មវិធីប្រកួតក្របខ័ណ្ឌពានរង្វាន់ AFF Suzuki Cup ឆ្នាំនេះ ក៏មានការកែទម្រង់ថ្មីផងដែរ ដែលធានាថា សម្រាប់ក្រុមនីមួយៗ យ៉ាងហោចណាស់នឹងមានការប្រកួតនៅក្នុងទឹកដីរបស់ខ្លួនចំនួនពីរប្រកួតដែរ ។ ក្រុមកីឡាករទាំង១០ ក្រុម នឹងត្រូវបានបែងចែកជា ២ ពូល ហើយក្នុងមួយពូលមាន ៥ ក្រុម ហើយក្រុមចំនួនពីរ ដែលឈរនៅលំដាប់កំពូលនៃពូល នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួតក្នុងទឹកដីផង និងក្រៅទឹកដីផង ។ ក្រុមដែលឈ្នះនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវលេងទាំងក្នុង និងក្រៅទឹកដី ផងដែរ ។
កម្ពុជាស្ថិតនៅក្នុងពូល ដែលមាន ម៉ាឡេស៊ី និងវៀតណាម ដែលជាក្រុមជើងខ្លាំងក្នុងក្របខ័ណ្ឌ AFF ហើយដែលជាក្រុមដែលគេរំពឹងថា នឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ប៉ុន្តែ ក្រុមអ្នកចម្បាំងក្រុងអង្គរដែលគ្រប់គ្រងដោយកំពូលកីឡាករបាល់ទាត់ជនជាតិជប៉ុន លោក Keisuke Honda និងដែលមានសម្រែកគាំទ្រពីអ្នកគាំទ្រដ៏សម្បើមរបស់ខ្លួន អាចនឹងធ្វើឲ្យក្រុមណាមួយខកចិត្តផងក៏ថាបាន៕ វឌ្ឍនា