ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េ បើកបុកម៉ូតូសេ១២៥ពីក្រោយ ហើយបន្តទៅបុករថយន្តរ៉េវហ្វ័រ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តរបស់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់មួយគ្រឿង បើកបរដោយយុវជនវ័យក្មេងម្នាក់ ក្នុងសភាពស្រវឹង ក្លិនស្រាហួង បើកបោះពួយល្បឿនលឿន ទៅបុកពីក្រោយម៉ូតូសេ១២៥ បណ្តាលឲ្យផ្លោងខ្ទាត រងរបួសឆ្អឹងខ្នងធ្ងន់ រួចបន្តទៅបុករថយន្តរ៉េវហ្វ័រ មួយគ្រឿងទៀត កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យគៀបជាប់គ្នា រងខូចខាតដំណំ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2N-5510 ជារថយន្ត ក្រុមហ៊ុន ឈី ហ្វា ផ្គង់ផ្គង់សម្ភារសំណង់ បើកបរដោយឈ្មោះ យូរ វ៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ បើកបររថយន្តក្រុមហ៊ុន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ ភាគីខាងរថយន្ត រ៉េវហ្វ័រ ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ភ្នំពេញ 2Q-0768 បើកបរដោយបុរសម្នាក់ ជាមន្រ្តីនគរបាលជាតិ ។ ចំណែកភាគីខាងម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-3715 បើកបរដោយជនរងគ្រោះឈ្មោះ អឿន អាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ ត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ រងរបួសធ្ងន់ ប៉ះពាល់ឆ្អឹងខ្នង ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាភាគីម៉ូតូ ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបង្អន់ល្បឿន ក៏ដោយសារទុកឱកាសឲ្យរថយន្តរ៉េវហ្វ័រ បើកឆ្លងផ្លូវ ពីលិចទៅកើត ក្នុងបំណង់បត់ឆ្ពោះទៅជើង ហើយខណៈដែល ម៉ូតូជនរងគ្រោះ បង្អន់ល្បឿននោះ ស្រាប់តែ រថយន្តបង្ក ម៉ាកKIA បើកបោះពួយល្បឿនលឿន ដោយយុវជនស្រវឹងស្អុយក្លិនស្រាខាងលើ បើកពីជើងទៅត្បូង មកបុកពីក្រោយម៉ូតូ ដួលខ្ទាតទៅម្ខាង រងរបួសធ្ងន់ម្នាក់ ហើយរថយន្តបង្កបន្តទៅបុក រថយន្តរ៉េវហ្វ័រ ពីទទឹង បណ្តាលឲ្យគៀបជាប់គ្នា រងខូចខាតដំណំ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យមនុស្សម្នាក់រងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្ត២គ្រឿងនិងម៉ូតូមួយគ្រឿងរងខូចខាត ក្រោយពីសមត្ថកិច្ចជំនាញវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញ ខណ្ឌពោធិ៍សែនជ័យ រួមទាំងឃាត់ យុវជនស្រវឹងជោគ បើករថយន្តបង្កនាំទៅសាកសួរនៅផ្នែកជំនាញផងដែរ ៕ សុខាសែនជ័យ


ចែករំលែក៖