ខេត្តស្វាយរៀង៖ ផ្ទះស្ត្រីវ័យចំណាស់ម្នាក់ ដែលមានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រ ជញ្ជាំង និងដំបូល ប្រក់សង្កសី ត្រូវបានអគ្គិភ័យឆេះទាំងស្រុងគួរឲ្យរន្ធត់ មិនអាចពន្លត់ទាន់ពេល ខណៈ ដែលដាំបាយលើចង្ក្រាន្តភ្លេចខ្លួន ដើរចោលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទេព អន ភេទស្រី អាយុ70ឆ្នាំ មុខរបរកសិក ររស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ប្រភពបន្តថា ចំពោះសម្ភារ និងទ្រព្យសម្បត្តិ ដែលត្រូវភ្លើងឆេះរួមមានប្រាក់ខ្មែរ៩០ម៉ឺនរៀល អង្ករចំនួន១០តៅ ស្រូវចំនួន២០តៅ កង់៤គ្រឿង ទូរទស្សន៍១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
តាមលោកយាយម្ចាស់ផ្ទះបានរៀបរាប់ទាំងទឹកភ្នែកថា មុនកើតហេតុគាត់បានដាំបាយធ្វើម្ហូបដូចសព្វរាល់ដង ហើយក៏ឆ្លៀតចេញទៅខាងក្រៅផ្ទះ លុះប្រមាណជា១៥នាទី ស្រាប់តែមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះបាយបង្កការភ្ញាក់ដល់គាត់ និងស្រែកហៅអ្នកភូមិនាំគ្នាជួយបាញ់ពន្លត់ ប៉ុន្តែដោយភ្លើងឆេះពេញក្រមុំ ក៏រាលដាលដល់ផ្ទះធំបន្តទៀតមិនអាចជួយអន្តរាគមន៍ទាន់ពេល បានត្រឹមតែសោកស្ដាយពន់ពេក។
សូមបញ្ជាក់ថាអគ្គិភ័យនេះមិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ដោយនៅរសៀលថ្ងៃដដែលសាខាកាកបាទក្រហម ខេត្តស្វាយរៀងក៏បានចុះមក និងយកសម្ភារមួយចំនួន និងថវិកាប្រគល់ឲ្យលោកយាយផងដែរ៕ យឹម សុថាន