ព័ត៌មានទាន់ហេតុការណ៍៖

បើកប៉ះបន្តិចបន្តួចមិនព្រមឈប់ បែរជាបើកឡានរត់ សមត្ថកិច្ចដេញចាប់ផ្អើលទាំងខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ បន្ទាប់ពីរថយន្ត TUNTRA មួយគ្រឿងសង្ស័យម្ចាស់ស្រវឹង បើកទៅកៀររថយន្តរបស់នគរបាលព្រហ្មទណ្ឌក្រុង ហើយមិនបានឈប់ទទួលខុសត្រូវ បែរជាព្យាយាមបើករត់គេច ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ នគរបាលចរាចរណ៍ក្រុង ដេញស្ទាក់ឃាត់ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឃាត់បានត្រង់ចំណុច ភ្លើងស្តុបផ្លូវជាតិលេខ៤ កែងផ្លូវQMI ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាក TUNTRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-5966 ជិះគ្នា២នាក់ បើកកៀររថយន្ត មន្រ្តីនគរបាល ព្រហ្មទណ្ឌក្រុងភ្នំពេញ ខណៈដែលកំពុងបើកស្របទិសគ្នា លើផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ត្រង់ចំណុច សួនកុមារ ពោធិចិនតុង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ហើយរថយន្តបង្ក មិនបានឈប់និយាយគ្នា ឬទទួលខុសត្រូវទេ ទោះជាហៅឃាត់ឲ្យឈប់ ក៏មិនព្រមឈប់ដែរ បែរជាព្យាយាមបើករត់គេចរហូត ភ្លាមៗត្រូវបាន សមត្ថកិច្ច ប្រកាសតាមប្រព័ន្ធវិទ្យុទាក់ទង សូមឲ្យកម្លាំង ជួយអន្តរាគមន៍ ហៅឃាត់រថយន្ត ស្លាកលេខខាងលើ ហើយរថយន្តបង្ក បើកមកដល់រង្វង់មូលចោមចៅ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ក្រុង ជួយឃាត់ក៏មិនឈ្នះ រថយន្តនៅបន្តបើកបន្ថែមល្បឿន តាមផ្លូវជាតិលេខ៤ ពីកើតទៅលិច កម្លាំងសមត្ថកិច្ចជាច្រើននាក់ ច្រើនអង្គភាព ដេញតាមពីក្រោយ ឃាត់មិនជាប់ លុះដល់មុខសាលាសង្កាត់ចោមចៅ៣ ខណៈដែលនគរបាលប៉ុស្តិ៍ចោមចៅ ហៅឲ្យឈប់ តែរថយន្តខាងលើ មិនឈប់បែរជាបុកកិន ម៉ូតូ មន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ៣ មួយគ្រឿង ខ្ទេច បាក់កង់មុខ សំណាងល្អ លោតផុតពីគ្រោះថ្នាក់ រថយន្តបង្ក នៅតែបន្តបោលទៅមុខ រហូតដល់ កម្លាំងព្រហ្មទណ្ឌក្រុង និងកម្លាំងខណ្ឌពោធិសែនជ័យ ព័ទ្ធចាប់ឃាត់បានត្រង់ចំណុចភ្លើងស្តុប កែងផ្លូវQMI ។

ករណីខាងលើ ត្រូវបាន នគរបាលជំនាញចុះទៅពិនិត្យជាក់ស្តែង រួចនាំយករថយន្តបង្កយកទៅរក្សារទុក ដើម្បីនិយាយដោះស្រាយគ្នា ៕ សុខាសែនជ័យ


ចែករំលែក៖