ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ថ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃអង្គារ ១៣រច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ភូមិទួលអំពិល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រវាង ម៉ូតូ បុក រថយន្ត ក្នុងទិសដៅស្របគ្នា (ពីជើងទៅត្បូង) បណ្តាលឲ្យរបួសមនុស្ស០១នាក់ ។

សមត្ថកិច្ចឲ្យដឹងថា ម៉ូតូម៉ាកវេវ ពណ៌ក្រហម គ្មានស្លាកលេខ (បើកបរផ្លូវត្រង់ទិសដៅជើងទៅត្បូង) ដោយឈ្មោះ ព្រីង គីម ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រឹក្ស ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម រងរបួសថ្ពាល់ខាងឆ្វេង និងបែកថ្ងាសខាងឆ្វេង ។ ជនរងគ្រោះមិនពាក់មួកសុវត្ថិភាពនោះឡើយពេលធ្វើដំណើរដោយម៉ូតូ ។

ចំណែក រថយន្តម៉ាកISUZU ពណ៌ស ស្លាកលេខប្រទេសថៃ 8360 បើកបរទិសដៅជើងត្បូង ហើយបត់ធ្វេង ដោយឈ្មោះ សុ រិន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ រស់នៅប្រទេសថៃ បើករថយន្តលក់ពូក នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។

វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូបើកមិនប្រកាន់គន្លងរបស់ខ្លួន និងមានល្បឿនលឿន រួមផ្សំនឹងរថយន្តបើកបត់ឆ្វេងខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ៕ ប៊ុនរិទ្ធី


ចែករំលែក៖