ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មិនដឹងដេកស្លាប់ពីពេលណានោះទេ ទម្រាំសាច់ញាតិដឹង

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់មិនដឹងដេកស្លាប់ពីពេលណានោះទេ ទើបសាច់ញាតិដឹង នៅវេលាម៉ោង៦និង៥នាទី ថ្ងៃសុក្រ ២កើត ខែកក្តិក ឆ្នាំច សំរិទ្ធឹស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចច្រាំងបាក់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ បិន ថុល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ ធ្វើចម្ការ មានទីលំនៅភូមិត្រពាំងប្រិយ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ បិន ថុល នេះមានដីចម្ការនៅតំបន់ច្រាំងបាក់ បានដាំដំឡូងនៅទីនោះកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ គាត់បានបរគោយន្តកន្ត្រៃយ៍ ទៅដល់ចម្ការទាំងព្រឹកមានរោងនៅទីនោះជាមួយឈ្មោះយាំ យ៉េន ម៉ោង៧ព្រឹកបាននាំគ្នាហូបបាយរួចទៅជំរះស្មៅយកល្បះក្នុងចម្ការដោយប្រឹងមិនហ៊ាន ឈប់សម្រាកតែពេលហួបបាយ ។

តាមការបំភ្លឺរបស់ឈ្មោះ យាំ យ៉េន ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាប្អូនថ្លៃ បានបញ្ជាក់ថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក ពេលហូបបាយហើយនាំគ្នាប្រឹងយកល្បះជំរះស្មៅ ក្នុងចម្ការដំឡូង ប្រឹងឲ្យបានឆាប់រួច មិនសូវហ៊ានឈប់ទេ សម្រាកតែពេលហូបបាយ ថ្ងៃត្រង់ លុះពេលល្ងាចម៉ោង១៦និង៣០នាទីបានសម្រាកហូបបាយរួច នាំគ្នាដេកនៅលើរោងចម្ការនេះ ខ្លួនដេកនៅលើអង្រឹង រីឯឈ្មោះប៉ិន ថុល បងថ្លៃដេកនៅលើកន្ទេល ។ ពេលព្រឹក វេលាម៉ោង៦ ខ្លួនងើបបង្កាត់ភ្លើងដាំបាយ តែបង្កាត់មិនឆេះ ក៏បានទៅដាស់ឈ្មោះប៉ិន ថុល ក៏ឃើញរឹងដងខ្លួនមិនដឹងជាស្លាប់ពីពេលណាទេ ខ្លួនក៏បានរត់ទៅហៅ និងប្រាប់បងប្អូនអ្នកចម្ការជិតខាងគ្នាឈ្មោះវួន វីន ភេទប្រុស អាយុ៣៨ឆ្នាំ ឈ្មោះ វួន វឿន ឈ្មោះ លួន ឈ្មោះ ភា ឈ្មោះ សាឯម និងឈ្មោះ រី បងប្អូនញាតិមិត្តមកជុំគ្នាជួយពិនិត្យមើល និងជួយ តែជនរងគ្រោះបានស្លាប់ឡើងរឹងដងខ្លួនទៅហើយ ។

ក្រោយពេលបានដឹងព័ត៌មានកម្លាំងជំនាញបានចុះទៅដល់ទីកន្លែងកើតហេតុ ដោយសហការជាមួយលោកនាយប៉ុស្តិ៍កម្លាំងប៉ុស្តិ៍បឹងល្វា និងប្រជាពលរដ្ឋ ។

ការពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព សមត្ថកិច្ចពុំឃើញមានស្លាកស្នាមអ្វី កត់សម្គាល់ ពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ ។ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ប៉ិន ថុល នេះគឺស្លាប់ដោយជំងឺ គាំងបេះដូង ។ មូលហេតុ ខំប្រឹងធ្វើការលើសកម្លាំង ។ ក្រោយពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖