ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដស្រាបៀរអង្គរ បុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យមនុស្សម្នាក់ ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរស២នាក់ ជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដស្រាបៀរអង្គរបើកបុក បណ្ដាលឲ្យម៉ូតូរួមទាំងជនរងគ្រោះទាំង២នាក់គៀបជាប់ជាមួយរថយន្ដអូសជាច្រើនម៉ែត្រ ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ និងអ្នករួមដំណើរជាមួយម្នាក់ទៀតរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២៣និង១០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្សារថ្នល់ទទឹង ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតពុំទាន់ស្គាល់អត្ដសញ្ញាណ អាយុប្រហែល២៤ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពាក់ស្លាកលេខ ភ្នំពេញ 1FA-0582 និងអ្នករួមដំណើរម្នាក់ទៀត​រងរបួសធ្ងន់ពុំទាន់ស្គាល់អត្ដសញ្ញាណ អាយុប្រហែល២៥ឆ្នាំ ។ ចំណែករថយន្ដម៉ាក FUSO បិតស្លាកស្រាបៀអង្គរ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 3A-1542 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកFUSO បិទស្លាកស្រាបៀរអង្គរ បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវបំបែកជា៤ ត្រង់ចំណុចផ្សារថ្នល់ទទឹង បានបត់ឆ្លងផ្លូវចូលទៅលេខ៥១ ក៏បានជ្រុលទៅបុកម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូជនរងគ្រោះរួមទាំងជនរងគ្រោះទាំង២នាក់គៀបជាប់ជាមួយរថយន្ដអូសជាច្រើនម៉ែត្រ ធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងកសាងសំណុំរឿងបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖