ភ្នំពេញ៖ លោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន អធិរាជចាប៉ីដងវែងដ៏ល្បីល្បាញ ត្រូវបានក្រុមគ្រួសារបញ្ជូនពីខេត្តតាកែវមកកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ បន្ទាប់ពីមានបញ្ហាសុខភាព ដែលនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រុមគ្រូពេទ្យកំពុងតាមដាន ។
ភរិយាលោកតា ប្រាជ្ញ ឈួន បញ្ជាក់ថា ពេលនេះក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះ លោកតា ប្រាជ្ញ ឈួន ដែលមានសង្ឃឹមត្រឹម៥០ភាគរយ ប៉ុណ្ណោះ ។
លោកតា ប្រាជ្ញ ឈួន គឺជាចាស់ព្រឹទ្ធាចារ្យម្នាក់នៅក្នុងសិល្បៈវប្បធម៌បុរាណខ្មែរ ផ្នែកចាប៉ីដងវែង ដែលធ្លាប់ច្រៀងប្រៀនប្រដៅមិនតិចនោះទេ។ បច្ចុប្បន្ន លោកតាចូលដល់វ័យចាស់ជរា ព្រោះលោកមានអាយុ ៨៣ឆ្នាំទៅហើយ ដោយមានជំងឺជាច្រើនប្រចាំកាយ។
កាលពីឆ្នាំមុន សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានឧបត្ថម្ភជាប្រាក់ ២០លានរៀល សម្រាប់លោកតាទុកព្យាបាលជំងឺផងដែរ ៕ចេស្តា