ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តគេចអ្នកដើរឆ្លងផ្លូវជ្រុលបុកចូលផ្ទះបាក់សង្កត់លើរថយន្តខូចខាតម៉ូតូអស់ជាច្រើនគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់បើករថយន្ត Prius យ៉ាងលឿន បានរេចង្កូតបុកចូលទម្លុះជញ្ជាំងថ្មចូលផ្ទះប្រជាពលរដ្ឋអ្នកជួសជុលម៉ូតូ បាក់សង្កត់លើរថយន្តខ្ទេច និងខូចខាតម៉ូតូអស់ជាច្រើនគ្រឿងទៀត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ6 ស្ថិតនៅក្នុងសង្កាត់ ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក TOYOTA Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-4485 បើកបរនឹងរួមដំណើរដោយនារី២នាក់ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវ6 យ៉ាងលឿន ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកទម្លុះជញ្ជាំងថ្មចូលផ្ទះជួសជុលម៉ូតូតែម្តង បណ្ដាលឲ្យបាក់ ជញ្ជាំងថ្ម សង្កត់លើសម្ភារ ក្នុងផ្ទះខូចខាតអស់មួយចំនួន និងម៉ូតូអស់ជាច្រើនគ្រឿង ចំណែករថយន្ត ត្រូវជញ្ជាំងថ្មសង្កត់ខ្ទេចស្ទើរទាំងស្រុង តែមិនបណ្តាលឲ្យមានមនុស្សណាម្នាក់ រងរបួសនោះទេ ។ ភ្លាមៗ ប្រជាពលរដ្ឋនិងម្ចាស់ផ្ទះ នាំគ្នារត់មកជួយយកនារីទាំង២នាក់នោះចេញពីក្នុងរថយន្ត ដោយមិនមានអ្នកណារងរបួសនោះទេ ។

បើតាមសំដីនារីជារួមដំណើរបានប្រាប់ដែរថា រូបនាងជាអ្នករួមដំណើរជាមួយបានឃើញមានមនុស្សដើរឆ្លងផ្លូវ ខណៈដែលរថយន្តកំពុងតែបើកលឿនផង គាត់ក៏បានប្រាប់ទៅកាន់អ្នកបើកបរ ទើបអ្នកបើកបរទាញចង្កូតរថយន្តគេច ជ្រុលទៅបុកចូលផ្ទះ តែម្ដង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានឲ្យភាគីខាងម្ចាស់ផ្ទះ ចរចាជាមួយនារី ដែលជាអ្នកបើកបរ ទើបនាងសុំទាក់ទងទៅកាន់ក្រុមគ្រួសារ ឲ្យចុះមកជួយដោះស្រាយ ហើយសមត្ថកិច្ចក៏រាយការណ៍បន្តទៅកាន់សមត្ថកិច្ចជំនាញ ឲ្យចុះមកស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុក នៅការិយាល័យ ចរាចរផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ជ្រោយពេជ្រ


ចែករំលែក៖