ខេត្តកំពង់ឆ្នាំង៖ រថយន្តធនធំមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្ទាក់ចាប់ ក្រោយពីរថយន្តមួយគ្រឿងនេះបន្លំភ្នែកសមត្ថកិច្ច ដាក់អង្កាមពីលើឈើហ៊ុបធំៗពីក្រោម ។
ការ ចាប់បាននៅម៉ោង ៤ រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប៉ុស្តិ៍កងរាជអាវុធហត្ថខេត្តលេខ501 ស្ថិតនៅក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យខេត្តកំព់ឆ្នាំង ហើយត្រូវបានប្រគល់ឲ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើផ្នែកកំពង់ត្រឡាច កសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។
សមត្ថកិច្ចរដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ឈើ ដែលឈ្មួញបន្លំដឹកដាក់ក្នុងរថយន្តធំនេះ ជាប្រភេទដើមឈើ រាជឆ្កុលទាំង២ដើមនេះ មានប្រវែង១០ម៉ែត្រ និងមានមុខកាត់ទំហំ០,8០ ម៉ែត្រ និង១ដើមទៀតមានមុខកាត់០,7០ម៉ែត្រ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបានដឹកឈើរាជឆ្កុលនេះម៉ាក FUSO ពាក់ស្លាកលេខ តាកែវ ៣A-២១៥៤ ជាប្រភេទរថយន្តភ្លៅ៥ ។ឈើរាជឆ្កុលនេះ មានអាយុកាលរាប់រយឆ្នាំ និងបានដឹកចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាជិតភ្លឺលោកបានទទួលព័ត៌មានថា មានរថយន្តមួយដែលមានភិនភាគខាងលើ បានបើកឆ្លងកាត់ផ្លូវជាតិលេខ៥នេះ ចេញពីខេត្តពោធិសាត់ នៅពេលនោះ កម្លាំងចម្រុះបានចេញឃ្លាំមើល ទើបឃើញរថយន្តដែលមានភិនភាគដូចការផ្តល់ព័ត៌មានបានស្ទាក់ចាប់តែម្តង ។
ក្នុងពេលស្ទាក់ចាប់នេះ អ្នកបើកបរថយន្ត និងអ្នកនៅលើរថយន្តនេះចំនួន៤នាក់បានរត់គេចអស់ នៅសល់ម្នាក់ ដែលជាព្រូរថយន្ត ។
នៅពេលនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើដើម្បី អនុត្តតាមនីតិវិធី ។
ប្រភពផ្សេងមួយទៀតបានឲ្យដឹងថា រថយន្តមួយគ្រឿងនេះគឺបានធ្វើសកម្មភាព រាល់ថ្ងៃ ដោយដាក់អង្កាមពីលើ ដឹកឈើពីខាងក្រោម ដឹកពីពោធិសាត់ រហូតដល់ភ្នំពេញ ធ្លាយដល់ព្រំដែនវៀតណាមទៀត ហើយបានបើករំលងសមត្ថកិច្ចគ្រប់កន្លែង ប៉ុន្តែពេលនេះ ប្រហែលជាភ្លេចទំនាក់ទំនងជាមួយអ្នកមើលផ្លូវ ទើបរថយន្តនេះ ទើរនៅត្រឹមនេះ ទៅណាមិនរួច ដែលគេសង្ស័យថា ភ្លេចបង់លុយឲ្យសមត្ថកិច្ចនោះអី ៕ ចន្ថា