ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើកម៉ូតូមកឈប់លើស្ពានជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើកម៉ូតូមកឈប់លើស្ពានជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាការពារប្រចាំការនៅគល់ស្ពាន បាននាំគ្នាជួយឃាត់ទាន់ពេលវេលា រួចនាំយកមកសាកសួរ ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលឡើងនៅពីម៉ោង៨យប់ ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វាថ្មី ប៉ែកខាងកើត ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នារីដែលប៉ងលោតទឹកសម្លាប់ខ្លួនមិនត្រូវបានប្រាប់ឲ្យដឹងពីអត្តសញ្ញាណទេ ជិះម៉ូតូម៉ាកហុងដា Zoomer-X ពាក់ស្លាកលេខភ្នំពេញ 1G-L2238។

បើតាមសម្តីប្រជាការពារប្រចាំការនៅគល់ស្ពាន បានឲ្យដឹងថា មុនពេលកើតហេតុមិនដឹងជានារីរូបនេះ ជិះម៉ូតូមកពីណាទេ ហើយមកឈប់នៅលើស្ពានជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានកម្លាំងសន្តិសុខ ដែល ប្រចាំការនៅគល់ស្ពាន បាននាំគ្នាជួយឃាត់ទាន់ពេលវេលា រួចនាំយកមកសួរនាំបានបន្តិចក្រោយមកនាងក៏បានរត់ទៅលោតសម្លាប់ខ្លួនម្តងទៀត ហើយត្រូវប្រជាការពារបានជួយចាប់យកមកខាងក្រោមវិញដដែល បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅចំណុចស្ពានជ្រោយចង្វា គល់ស្ពានជាប់រង្វង់មូលព្រហ្មមុខបួន ។

បន្ទាប់ពីកើតហេតុក្រុមប្រជាការពារប្រចាំការនៅគល់ស្ពាន បានទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលជ្រោយចង្វា មកទទួលយកនារីដែល ប៉ងលោតទឹកសម្លាប់ខ្លួន ទៅសួរនាំរកបងប្អួនមកយកត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖