ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរ៦នាក់ជិះម៉ូតូតាមប្លន់ម៉ូតូជនរងគ្រោះម្នាក់បានសម្រេច​​

ចែករំលែក៖

ភ្នំពេញ៖ ពិតជាអសន្តិសុខណាស់ ដោយយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង មកពីស្រុកនៅខេត្តតាកែវ ចូលរាជធានីភ្នំពេញ ពេលយប់ស្ងាត់ ត្រូវហ្វូងចោរមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងជិះដេញតាមក្រោ​យ រួចធាក់ម៉ូតូជនរងគ្រោះឲ្យដួល និងវាយជនរងគ្រោះ ប្លន់យកម៉ូតូឌ្រីមសង់ ស៊េរី២០ ១៨ មួយគ្រឿង បានសម្រេច រួចជិះគេចខ្លួនបាត់ ។

ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខរោងម៉ាស៊ីនកិនស្រូវ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ព្រៃកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឆាយ ចាងណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងរថយន្តនៅម្តុំផ្សារបឹងត្របែក ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ភូមិកំពង់ជ្រៃ​ ឃុំស្មោង ស្រុងទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះបាននិយាយប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោងប្រមាណជា២រំលងអធ្រាត្រ រូបលោ​ក ​បានជិះម៉ូតូមួយគ្រឿងម៉ាកហុង ដាឌ្រីម សង់ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាលេខ តាកែវ 1Q-1857 ជិះចេញពីស្រុកកំណើត បំណងចូលមករាជធានីភ្នំពេញ ដើម្បីមកកន្លែង ធ្វើការម្តុំផ្សារបឹងត្របែក ដោយរូបលោកបានធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង លុះមកដល់រង្វង់មូលនាងបីគួរស្រូវ ស្រាប់តែលេចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿង ២គ្រឿងម៉ាក ឌ្រីមសង់ និងមួយគ្រឿងទៀត ម៉ាក ឌូក មិនចាំស្លាកលេខ បានជិះដេញមកតាមក្រោយ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យ បានគៀរម៉ូតូរូបគាត់ឲ្យដួល រួចធ្វើសកម្មភាពវាយមកលើរូបគាត់បន្តែមទៀត ហើយប្លន់យកម៉ូតូជិះគេចខ្លួនបាត់ បណ្តាលឲ្យរូបលោករងរបួសក្បាលជង្គង់​ និងកែងដៃផងដែរ។

ក្រោយកើតហេតុ គេឃើញមានក្រុមអ្នកសារព័ត៌មានចុះមកដល់និងផ្តិតយករួបភាព បន្ទាប់មកក៏មានខាងកម្លាំងនគរបាលមូលដ្ឋាន បានចុះ មកដល់បានដឹកជនរងគ្រោះ ទៅបង្ហាញទីតាំងកន្លែងកើតហេតុរួចបានដឹកបន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពិសដើម្បីឲ្យ ជនរងគ្រោះ ដាក់ពាក្យបណ្តឹង ៕ ភារ៉ា ដង្កោ


ចែករំលែក៖