ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរីរយៈពេល៣ថ្ងៃ(១៣-១៥) វិច្ឆិកា ឆ្នាំ២០១៨។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ គឺប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»។ ការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី។
ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនផ្សេងទៀតដូចជា៖ កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី អមដោយអាហារពេលព្រឹក , កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ , កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៣ , កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១ , កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា អមដោយអាហារពេលព្រឹក , កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦, កិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២១ , កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ) , កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត) អមដោយអាហារថ្ងៃត្រង់ , និងកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី២។
ស្របពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងប្រជុំ និងកម្មវិធីមួយចំនួនទៀតដូចជា៖ កិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន, កម្មវិធីអាហារការងារថ្ងៃត្រង់ រៀបចំដោយលោក លី សៀនឡុង សម្រាប់ថ្នាក់ដឹកនាំអាស៊ាន , ពិធីលៀងសាយភោជន៍ (Gala Dinner) រៀបចំដោយប្រធានកិច្ចប្រជុំ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន , និងជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូ នៃប្រទេសមួយចំនួនផងដែរ៕