ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកប្រេងឥន្ធនៈតេឡា នឹងរថយន្តកាមរីឆ្លាម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ដែលស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាកកាមរីឆ្លាមពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-4580បើកបរក្នុងទិសដៅពីលិចទៅកើតជិះគ្នា២នាក់ ស្រីម្នាក់បុរសម្នាក់ ដែលជា រថយន្ត ដឹកសម្ភារសិក្សា បើកក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ដឹក ប្រេងឥន្ធនៈតេឡា ប្រភេទរថយន្តអាមេរិកកាំង ពណ៌សឆ្នូតខៀវលឿងពាក់ស្លាកលេខ ភ្នំពេញ 3B-6469 បើកបរក្នុងទិសដៅពីកើតទៅលិចរេចង្កូតមកផ្នែក ខាងឆ្វេង បណ្តាលឲ្យរថយន្ត ដឹក សម្ភារសិក្សា បាន វ៉ាក់អ៊ើហើយ មិនបាន ជាន់ហ្វ្រាំងហើយត្រូវបានរថយន្ត ដឹកប្រេងឥន្ធនៈតេឡា បុក ពេញទំហឹង ហើយ រថយន្តទាំង២គ្រឿង បានបួង ចង្កូតទៅផ្នែកខាងឆ្វេងរៀងៗខ្លួន នឹងបណ្តាលឲ្យស្រ្តី ម្នាក់នៅក្នុងរថយន្ត កាមរីឆ្លាម រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបាន រថយន្តសាមុយឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។ ចំណែកឯរថយន្ត ទាំងពីរគ្រឿងរងការខូចខាតទាំងសងខាង ។
ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានប្រគល់ឲ្យជំនាញចរាចរណ៍នៃ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ វាស់វែង និងស្ទូចរថយន្តទាំង២គ្រឿងយកទៅរក្សាទុករង់ចាំការដោះស្រាយ ៕ សុខាសែនជ័យ